(ពោធិ៍សាត់)៖ គណៈប្រតិភូខេត្តព្រៃវែង ដឹកនាំដោយ លោក ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត និងគណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរំឮកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃយុទ្ធជនពលីពិការ ក្នុងសម័យសង្គ្រាមនៅកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើង នៅទីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីតាមណុង ក្នុងឃុំភូថរ ស្រុកតាមណុង ខេត្តដុងថាប់ ដោយបានការចូលរួមពី លោក ឡេ គ្វុក ហ្វូង សមាជិកគណៈកម្មការគណៈមជ្ឈិមបក្ស និងជាលេខាធិការ នៃគណៈកម្មាធិការគណបក្សខេត្តដុងថាប់ និងលោក ដន តឹនប៊ូ សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងជួរគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ នៃខេត្តដុងថាប់ និងក្រុមគ្រួសារយុទ្ធជនពលីយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសលោក ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តពោធិ៍សាត់ និងក្នុងនាមប្រតិភូទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា ប្រកបដោយកតញ្ញូតាធម៌បំផុត និងចងចាំជានិច្ច មិនអាចបំភ្លេចបាន ចំពោះវីរៈភាព អង់អាចក្លាហាន របស់យុទ្ធមិត្ត និងកម្មាភិបាលកងទ័ពវៀតណាម ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុជួយរំដោះជាតិមាតុភូមិកម្ពុជា ឱ្យរួចចេញផុត ពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត ក្នុងរយៈពេល ០៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោក ឌុច គន្ធា បន្តថា របបកម្ពុជាប្រជាធិបតេយ្យ រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ ជារបបផ្តាច់ការ បង្អត់អាហារ ប្រើហួសកម្លាំង ធ្វើទារុណកម្មធ្ងន់ធ្ងរ និងកាប់សម្លាប់ប្រជាជនកម្ពុជាខ្លួនឯងយ៉ាងឃោរឃៅព្រៃផ្សៃបំផុត។ បើគ្មានការរើបំរះ ក្រោកឈរឡើង របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្ដេច ហ៊ុន សែន និងឥស្សរជនស្នេហាជាតិដ៏ទៃទៀត ជាពិសេសបើគ្មានការជួយទាន់ពេលវេលា របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូប្តូរផ្តាច់ លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិ និងប្រជាជននាពេលនោះទេ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏មិនអាចមានអ្វីៗ ដូចពេលនេះដែរ។

លោកអភិបាលរងខេត្តបន្ថែមថា តថភាប្រវត្តិសាស្រ្តដ៏ឃោរឃៅ ខ្មៅងង់ពី និងឈឺចាប់ របស់ប្រជាជនខ្មែរ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ គឺនៅដិតដាមជាប់ក្នុងក្រអៅបេះដូង របស់យើងគ្រប់ៗរូប មិនអាចបំភ្លេចបានឡើយ ហើយជនដឹកនាំដ៏ឃោរឃៅទាំងនោះ បច្ចុប្បន្នកំពុងស្ថិតក្នុងការវិនិច្ឆ័យទោស និងកាត់ទោស ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌ផងដែរ។

ក្នុងទិដ្ឋភាពដ៏មានសារៈសំខាន់នៅថ្ងៃនេះ ទោះបីវាកន្លងផុតទៅច្រើនឆ្នាំក៏ពិតមែនហើយក្តី តែយើងទាំងអស់គ្នា នៅតែនឹករលឹក និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ ចំពោះសកម្មភាព វីរៈភាព និងគុណូបការៈដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់យុទ្ធមិត្ត និងកម្មាភិបាល នៃកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងអស់ ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុជួយរំដោះជាតិ និងប្រជាជនកម្ពុជា និងសូមឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ យុទ្ធមិត្ត និងកម្មាភិបាលទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកបានគូសបញ្ជាក់ថា ក្នុងភាតរភាពរួមសុខរួមទុក្ខ និងជួយយកអាសារគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសយើងទាំងពីរ តាំងពីយូរលង់មក យើងទាំងអស់គ្នារឹងរឹតបន្តចំណងសាមគ្គីភាព ជាបងប្អូនភូមិផងរបងជាមួយកាន់តែល្អប្រសើរ ក្នុងស្មារតីមិត្តភាពយូរអង្វែង និងបង្កើនការលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែក និងគ្រប់វិស័យ រវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និយាយជារួម និងនិយាយដោយឡែក រវាងខេត្តព្រៃវែង និងខេត្ត ពោធិ៍សាត់ ជាមួយខេត្តដុងថាប់ ឱ្យបានរឹងមាំស្ថិតស្ថេរចិរកាល ជាពិសេសបន្តជំរុញការយកចិត្តទុកដាក់ សហការ ជាមួយក្រុមការងារជំនាញ ភាគីវៀតណាម ក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត នៅក្នុងទឹកដីភូមិសាស្ត្រកម្ពុជា កាលពីសម័យសង្គ្រាម និងនាំយកអដ្ឋិធាតុទាំងនោះ និវត្តន៍មកកាន់មាតុភូមិ របស់ខ្លួនវិញ៕