(ស្ទឹងត្រែង)៖ ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របីនៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្សព្វផ្សាយពីគុណប្រយោជន៍ដល់កសិករដែលចិញ្ចឹមសត្វគោ ប្រសិនបើមានឆន្ទៈប្ដូរពីការចិញ្ចឹមបែបប្រពៃណីមកពាក់កណ្តាលឧស្សហកម្មវិញ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំដល់ប្រជាកសិករគួរតែកែប្រែពីការចិញ្ចឹមគោជាលក្ខណៈគ្រួសារ មកជាការចិញ្ចឹមគោពាក់កណ្តាលឧស្សហកម្មវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ធានាបានទាំងគុណភាព សុវត្ថិភាព និងអនាម័យ ដែលនឹងផ្ដល់គុណប្រយោជន៍ នៃការបង្កាត់ពូជសិប្បនិម្មិត ដែលក្នុងនោះចំណេញទាំងពេល និងកម្លាំងពលកម្ម អត្រានៃការបង្កកំណើតខ្ពស់ និងកាត់បន្ថយជំងឺឆ្លង។

លោកបានបន្តថា នៅទូទាំងខេត្តស្ទឹងត្រែងមានសត្វគោចំនួន៣១,៣០២ក្បាល ក្របីចំនួន៣៧,៣៥០ក្បាល ក្នុងនោះស្រុកសេសានមានសត្វគោចំនួន៦,៩៥៣ក្បាល និងសត្វក្របី៨,១៥៥ក្បាល ហើយដែលកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របីនៅឃុំភ្លុក ស្រុកសេសាននេះ។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការចុះចាក់វ៉ាក់សាំងដល់សត្វគោក្របីនៅពេលនេះ គឺជាផ្នែកមួយនៃការការពារជំងឺផ្សេងៗទៀត តែទោះជាយ៉ាងនេះក្ដីក៏ត្រូវការថែទាំពីម្ចាស់សត្វគោក្របីរបស់ខ្លួន។ បើសិនមានការសង្ស័យថាសត្វទាំងនោះមានកើតជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

លោកអភិបាលរងខេត្តក៏បានពាំនាំការសំណូមពររបស់ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ដែលសំណូមពរឲ្យប្រជាកសិករចិញ្ចឹមសត្វគោក្របីទាំងអស់ ត្រូវរៀបចំឲ្យក្រោលគោក្របីឲ្យបានត្រឹមត្រូវ ជៀសវាងការប្រលែងឲ្យដើរពាសវាលពាសកាល ធ្វើឲ្យបាត់បង់និងប៉ះពាល់ដល់សោភ័ណឌភាពក្រុង/ស្រុក ពិសេសអាចកើតនៅជំងឺឆ្លងផ្សេងៗ ដោយមិនមានវិធានការទាន់ពេលវេលាផងដែរ៕