(សេអ៊ូល)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក បាន គីមួន អាចនឹងឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បួង នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៅឆ្នាំ ២០១៧ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បួង។
លោក គីមួន នឹងលាឈប់ពីពីប្រមុខ UN នៅចុងឆ្នាំនេះ ហើយលោកនឹងត្រឡប់មកកាន់ទឹកដីកំណើត របស់ខ្លួនវិញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ពោលគឺលោកមានពេល ១២ខែ ដើម្បីត្រៀមខ្លួនចូលរួម នៅក្នុងយុទ្ធនាការបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងវេទិកាមួយ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បួង លោក គីមួន បាននិយាយថា «ពេលខ្ញុំត្រឡប់មកពី UN វិញ, ខ្ញុំនឹងពិចារណា បន្ថែមទៀតទៅលើតួនាទីរបស់ខ្ញុំក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បួងម្នាក់។ ប៉ុន្តែនៅពេលនេះ ខ្ញុំត្រូវបំពេញតួនាទី របស់ខ្ញុំឲ្យបានល្អបំផុត»។
គួរបញ្ជាក់ផងដែរថា លោក គីមួន គឺជាអតីតរដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងត្បួង ចន្លោះឆ្នាំ ២០០៤-២០០៦ ក្នុងសម័យលោកប្រធានាធិបតី Roh Moo-Hyun៕