(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកក្កដានេះ បានដឹកនាំក្រុមការងារចុះចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ សម្ភារមួយចំនួនរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ១៥០គ្រួសារ រស់នៅឃុំនីពេជ ស្រុកកំពង់ស្វាយ។

នៅក្នុងឱកាសនោះ លោក ងួន រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងទ្វេរតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោកអភិបាលខេត្តបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមក ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន ក៏ពិតមែនតែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ។

លោកបានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលបានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារ ងាយរងគ្រោះនៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ដល់គ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន១៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ត្រីខ ទឹកត្រី និងសម្ភារមួយចំនួនផងដែរ។

លោកក៏បានអំពាវនាវដល់អាជ្ញាធរត្រូវបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបានញឹកញាប់បំផុត និងសូមប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ដូសមូលដ្ឋានព្រមទាំងដូសទី៣ ទី៤ ទី៥ ឱ្យបានគ្រប់គ្នា។

លោក ងួន រតនៈ ក៏បានចែកអំណោយទាំងនោះជូនដល់ពួកគាត់ ហើយក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យចេះថែរក្សាសុខភាពជាចម្បង ហូបស្អាត រស់នៅស្អាត ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា របស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» និងចូលរួមគោរពច្បាប់ និងរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្ស៕