(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានបំណងចង់ឲ្យសិស្សានុសិស្សក្នុងខេត្តរបស់ខ្លួនមានសមត្ថភាពចូលរួមប្រឡងសិស្សពូកែឲ្យបានច្រើន ទើបជំរុញដល់នាយកសាលា លោកគ្រូអ្នកគ្រូខិតខំបង្រៀនសិស្សានុសិស្សនៅតាមសាលារបស់ខ្លួន ដើម្បីឲ្យពួកគេមានសមត្ថភាពប្រឡងសិស្សពូកែជាមួយខេត្តផ្សេងៗ រួមចំណែកលើកស្ទួយកិត្តិយសគ្រួសារ និងសាលា ក៏ដូចជាវិស័យអប់រំក្នុងខេត្តទាំងមូល។

គំនិតនិងការជំរុញនេះត្រូវបានលើកឡើងក្នុងពេលដែលលោក សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពង្រឹងគុណភាពវិស័យអប់រំក្នុងខេត្ត និងការបង្ហាញបទពិសោធន៍ជាគំរូចំពោះការផ្ទេរមុខងារមតេយ្យសិក្សា និងបឋមសិក្សាទៅរដ្ឋបាលក្រុង/ស្រុកក្នុងខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានណែនាំដល់នាយកសាលា នាយករង លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់បន្តពង្រឹងសមត្ថភាពសិស្សឱ្យកាន់តែពូកែ ដោយក្នុងនោះត្រូវពង្រឹងសមត្ថភាពរបស់នាយកសាលា នាយករង លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ជាមុនសិន ទាំងការបង្រៀនផ្ទាល់ និងការបង្រៀនតាមប្រព័ន្ធអនឡាញ ដោយត្រូវមានបច្ចេកទេសក្នុងការបង្រៀនច្បាស់លាស់ មានវិធីសាស្រ្ដក្នុងការបង្រៀនសិស្សឱ្យឆាប់យល់ ឆាប់ចេះ និងបង្ហាញនូវបទពិសោធន៍ថ្មី ការស្រាវជ្រាវលំហាត់ថ្មីៗដល់សិស្សានុសិស្ស ព្រោះនៅក្នុងឆ្នាំនេះដែរខេត្តបាត់ដំបងពុំមានសិស្សបានប្រឡងជាប់ជាសិស្សពូកែម្នាក់ឡើយ ដែលនេះគឺជាបញ្ហាត្រូវពង្រឹងសមត្ថភាពសិស្សជាបន្ទាន់ ដើម្បីប្រព័ន្ធអប់រំក្នុងខេត្តបាត់ដំបងប្រកបដោយគុណភាព។

លោកបានបន្តណែនាំលើកទឹកចិត្តដល់នាយកសាលា នាយករង លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ត្រូវខិតខំបង្ហាត់បង្រៀនបណ្ដុះបណ្ដាលសិស្សពូកែនៅក្នុងខេត្តបាត់ដំបង ដើម្បីអាចចូលរួមប្រឡងប្រកួតប្រជែងដណ្ដើមយកពានរង្វាន់សិស្សពូកែថ្នាក់ជាតិ លើកកិត្តិយសជូនក្រុមគ្រួសារ ក៏ដូចជាលើកកិត្តិយសដល់ខេត្តបាត់ដំបងឱ្យកាន់តែមានភាពល្បីល្បាញផងដែរ។

ក្នុងនោះដែរ លោកក៏បានលើកឡើងអំពីបញ្ហាអនាម័យចំណីអាហារ អនាម័យបរិស្ថាន ដែលនាយកសាលាគ្រប់រូបត្រូវពិនិត្យជាបន្ទាន់លើបញ្ហានេះ ព្រោះបញ្ហាអនាម័យចំណីអាហារ និងបរិស្ថាននេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យមានការធ្លាក់ចុះចំនួនសិស្សពូកែ កើនចំនួនសិស្សដែលបោះបង់ការសិក្សាផងដែរ ព្រោះកាលណាដែលសិស្សានុសិស្សបរិភោគចំណីអាហារដែលគ្មានអនាម័យ និងអង្គុយរៀនដែលមានបរិស្ថានជុំវិញមិនស្អាត មានក្លិនសំរាម បង្កជាមេរោគផ្សេងៗនោះ ធ្វើឱ្យសិស្សានុសិស្សកើតជំងឺផ្សេងៗ លែងមានអារម្មណ៍ផ្ដោតទៅលើការសិក្សា និងអាចឈានទៅរកការបោះបង់ចោលការសិក្សាក្នុងការករណីដែលសិស្សមានជំងឺធ្ងន់ធ្ងរ។

លោកបានបន្តទៀតថា ខេត្តបាត់ដំបងជាខេត្តដំបូងគេក្នុងការអនុវត្តការផ្ទេរមុខងារមត្តេយ្យសិក្សា និងបឋមសិក្សាជូនទៅរដ្ឋបាលក្រុង ស្រុក ដើម្បីឈានទៅធ្វើការកែទម្រង់បន្តនៅថ្ងៃអនាគតបន្ថែមទៀត ការធ្វើបែបនេះគឺត្រូវមានដំណើរការទៅមុខ មិនងាកក្រោយនោះឡើយ ហើយជាជំហានបន្តទៅមុខនឹងត្រូវដាក់ដំណើរការទូទាំងប្រទេស ដោយផ្ទេរមេត្តយសិក្សា និងបឋមសិក្សាទៅរដ្ឋបាលក្រុង ស្រុក និងឈានទៅរកការផ្ទេរអនុវិទ្យាល័យ និងវិទ្យាល័យមករដ្ឋបាលខេត្តនៅពេលខាងមុខនេះ។

លោកបានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្រ្ដីអប់រំលើកឡើងអំពីបទពិសោធន៍កន្លងមកអំពីចំណុចល្អ និងចំណុចខ្វះខាតមួយចំនួនបន្ទាប់ពីធ្វើការផ្ទេរមុខងារមេត្តេយ្យសិក្សា បឋមសិក្សាដល់រដ្ឋបាលក្រុង ស្រុក ដើម្បីយកជាគំរូជាបទពិសោធន៍សម្រាប់ការកែសម្រួល និងពង្រឹងការងារនាពេលក្រោយទៀតឱ្យកាន់តែប្រសើរថែមទៀត៕