(ក្រចេះ)៖ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការប្រើប្រាស់ឧបករណ៍បញ្ជូលទិន្នន័យថ្មី KoBo Tool Box និងផ្សព្វផ្សាយប្រព័ន្ធប្រកាសដឹងមុន1294 ដល់មន្ត្រីបង្គោលក្រុង ស្រុក ទទួលបន្ទុកប្រព័ន្ធព័ត៌មានទាន់ហេតុការណ៏ PRISM នៅខេត្តក្រចេះ ដែលមានកិច្ចសហការគាំទ្រពីអង្គការ វើល វីស្សិន និងអង្គការ ឆាល ហ្វាន់ ផងដែរ។

លោកអភិបាលរងខេត្ត បានថ្លែងថា ខេត្តក្រចេះ មានផ្ទៃដីធម្មជាតិសរុប ១១,០៩៤គីឡូម៉ែត្រការ៉េ មានព្រែកធំៗចំនួន០៥ ដែលហូរចូលទន្លេមេគង្គ បានបង្កើនកម្ពស់ទឹកជំនន់រហ័ស ធ្វើឱ្យមានទឹកជំនន់បង្កការប៉ះពាល់ និងខូចខាតផលដំណាំ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន័្ធ និងសេដ្ឋកិច្ចសង្គម ស្ទើតែរៀងរាល់ឆ្នាំមិនថាតិច ឬច្រើននោះទេ ហើយមានស្រុក០៤ ក្រុង០១ ស្ថិតនៅតាមដង ទន្លេមេគង្គ ដែលទទួលរងដោយទឹកជំនន់ទន្លេមេគង្គកើតឡើងជាញឹកញាប់ និងមានឃុំ-សង្កាត់ ប្រមាណ៣៨ ដែលរងប៉ះពាល់ក្នុងកំរិតកម្ពស់ទឹកប្រុងប្រយ័ត្នកម្ពស់ ២២,០០ម៉ែត្រ។

លោកបញ្ជាក់ទៀតថា ឆ្នាំនេះទឹកទន្លេមេគង្គ ហាក់ដូចជាពុំទាន់មានសន្ទុះហក់ឡើងគួរឱ្យគត់សម្គាល់ទេ ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវមានការប្រុងប្រយ័ត្ន។ បច្ចុប្បន្នលេខាធិការរដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានជំរុញណែនាំរដ្ឋបាលឃុំ សង្កាត់ ចុះស្រង់ទិន្នន័យគ្រោះមហន្តរាយដោយឧបទ្ទវហេតុនៅមូលដ្ឋានទាន់ពេលវេលា ដាក់បញ្ចូលក្នុងទម្រង់ ដែលបានរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួចបញ្ចូនមករដ្ឋបាលក្រុង ស្រុក តាមរយៈប្រព័ន្ធ Telegram ឬ Whatsapp រដ្ឋបាលក្រុង ស្រុក ពិនិត្យ និងបញ្ចូលទិន្នន័យទាំងនេះទៅក្នុងប្រព័ន្ធ គ្រប់គ្រងព័ត៌មានទាន់ហេតុការណ៍ (ព្រីស៊ឹម) បញ្ចូនមកលេខាធិការដ្ឋានខេត្ត ដើម្បីដាក់ជូនលោកអភិបាលខេត្ត ពិនិត្យ និងសម្រេចរួចបញ្ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ដោយឡែកសម្រាប់ការងារប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន1294 គិតត្រឹមខែមិថុនា ឆ្នាំ២០២២ យើងបានផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋចុះឈ្មោះតាមលេខទូរស័ព្ទសរុបចំនួន ៧.៩២៦លេខ ស្មើនឹង ១០.៤២៦ទីតាំង នៅទូទាំងខេត្ត និងត្រៀមបញ្ជូនសារប្រកាសព័ត៌មានក្នុងករណីគ្រោះមហន្តរាយអាចនឹងកើតមានជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានដឹងមុនបានទូលំទូលាយ៕