(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកពន្យល់បកស្រាយបន្ថែម ដើម្បីឱ្យសាធារណជនយល់កាន់តែច្បាស់ លើខ្លឹមសារនៃសេចក្តីជូនដំណឹង ស្ដីពីការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ លោក លីវ សុផាណារិទ្ធ បានបកស្រាយបន្ថែមដូចខាងក្រោម៖

* ចំណុចទី១៖ តាមលក្ខណៈបច្ចេកទេស ចំពោះទីតាំងដែលពុំមានសេវាគ្រប់គ្រាន់ តែពេលដែលយើងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាតែមួយ វាអាចជួយទាញយកសេវាបានតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើទីតាំងតំបន់ណាមួយមានការប្រើប្រាស់ឧបករណ៍នេះ ចាប់ពី២ឡើងទៅ វានឹងបង្កឱ្យមានការឆ្លងគ្នា ហើយអ្នកដែលរស់នៅជិតខាងគ្នានឹងធ្វើឱ្យមានការឆ្លងរំខានគ្នាទៅវិញទៅមក ហើយឈានទៅដល់ការប្រើប្រាស់មិនបាន ទាំងអស់គ្នាតែម្ដង។

ក្រសួងក៏បានសង្កេតឃើញថា ការលក់ឧបករណ៍នេះ ទៅក្នុងទីផ្សារសព្វថ្ងៃមួយចំនួនធំ គឺមិនស្របទៅតាមស្តង់ដារបច្ចេកទេស និងស្តង់ដារតម្រូវដោយនិយ័តករទូរគមនាគមន៍កម្ពុជា ហើយរាល់ការជាវ និងយកឧបករណ៍នេះ ទៅដំឡើងនៅតាមគេហដ្ឋាន ឬក៏នៅតាមទីតាំងផ្សេងៗ គឺតម្រូវឱ្យមានអ្នកជំនាញច្បាស់លាស់ មានបច្ចេកទេសដំឡើងទៅតាមប៉ារ៉ាម៉ែត្រ ដែលតម្រូវទៅតាមប្រតិបត្តិករទូរគមនាគមន៍នីមួយៗ។ បើមិនដូច្នេះទេ ការដំឡើងឧបករណ៍នេះ វានឹងធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពសេវា នៅក្នុងតំបន់នោះទៅវិញ។

ថែមលើចំណុចនេះដែរ ការដាក់ឧបករណ៍បង្កើនកម្លាំងសេវានេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ការងារវាស់ស្ទង់គុណភាពសេវា របស់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកំពុងបំពេញការងារយ៉ាងសកម្ម យ៉ាងមមាញឹកនៅតាមបណ្ដាបុរី ក៏ដូចជានៅតាមតំបន់នានា ដើម្បីពង្រឹងគុណភាពសេវា ជូនប្រជាពលរដ្ឋ។

* ចំណុចទី២៖ ទាក់ទងនឹងការដាក់ជាតំបន់អាទិភាព នៃការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានេះ គឺក្រសួងកំពុងរៀបចំជាផែនទី ចុះតាមភូមិសាស្ត្រនីមួយៗ ដែលនឹងស្នើឱ្យប្រជាពលរដ្ឋបិទឧបករណ៍នេះ នៅពេលដែលក្រុមការងារក្រសួងចុះវាស់ស្ទង់ ជាពិសេសអាទិភាពនៅតាមតំបន់ ដែលមានសេវាគ្របដណ្ដប់ជាអប្បបរមា ហើយការបញ្ឈប់ការប្រើប្រាស់នេះ គឺជាយន្តការដែលអាចជួយដល់តំបន់ ដែលបងប្អូនកំពុងរស់នៅ ឱ្យមានគុណភាពសេវាល្អ ហើយជាការដោះស្រាយដែលឈរលើប្រយោជន៍រួម ក្នុងពេលអនាគត។

* ចំណុចទី៣៖ ចំពោះការលើកឡើងអំពីវិធានការច្បាប់ ស្ដីពីទូរគមនាគមន៍ ដែលបានប្រកាសឱ្យប្រើប្រាស់ នៅឆ្នាំ២០១៥ គឺចង់គូសបញ្ជាក់អំពីវិធានការច្បាប់ ជាធរមានរបស់រដ្ឋ ក្នុងការការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋជាទូទៅ ហើយវិធានការនេះ នឹងអនុវត្តតែចំពោះបុគ្គល ដែលបង្កការឆ្លងរំខានទាំងមានលក្ខណៈទ្រង់ទ្រាយធំ ឬក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធទូរគមនាគមន៍។ ដោយឡែកនៅក្នុងសេចក្ដីជូនដំណឹង ក៏បានបញ្ជាក់អំពីការស្នើសុំ រុះរើឧបករណ៍នេះ នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ដោយខ្លួនឯងតែប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមទៀតថា ជាដំណោះស្រាយពាក់ព័ន្ធ ទៅនឹងការពង្រឹងគុណភាពសេវានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមបញ្ជាក់ជូនថា ក្រសួងកំពុងជំរុញប្រតិបត្តិករ ឱ្យធ្វើការផ្លាស់ប្តូរគ្រឿងសម្ភារបរិក្ខារ និងបច្ចេកវិទ្យាព្រមទាំងធ្វើការសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីបង្កើនគុណភាពនៃសេវា ដែលជាផលប្រយោជន៍ដល់ អ្នកប្រើប្រាស់ទាំងអស់។

បន្ថែមពីនេះ ក្រុមការងារសម្រាប់ចុះពង្រឹងគុណភាពសេវា នៅតាមរាជធានី-ខេត្ត ក៏កំពុងបំពេញការងារយ៉ាងមមាញឹក លើការជំរុញគុណភាពសេវាទូរគមនាគមន៍ ក្រសួងក៏បានទិញឧបករណ៍វាស់ស្ទង់សេវាទូរគមនាគមន៍ ដែលបំពាក់លើរថយន្តចំនួន៥គ្រឿង ដើម្បីជំរុញឱ្យប្រតិបត្តិករកែលម្អសេវា និងវិនិយោគបន្ថែម។

ក្រសួងក៏បានដោយអនុវត្តប្រកាស ស្តីពីគុណភាពសេវាទូរគមនាគមន៍ ដើម្បីដាក់កាតព្វកិច្ចលើប្រតិបត្តិករ ឱ្យពង្រឹងគុណភាពនៃសេវា និងបណ្ដាញរបស់ខ្លួន ក្នុងគោលដៅការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់គុណភាពសេវា សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងសូមចូលរួមសហការទាំងអស់៕