(កំពង់ធំ)៖ ស្ថានីយចែកចាយទឹកស្អាតសហគមន៍ព្រុំស្រី ដែលមានតម្លៃសរុបជាង១១ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីផ្គត់ផ្គង់តម្រូវការជូនប្រជាជននៅភូមិចំនួន៣ នៃឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ សរុបជាង៥០០គ្រួសារ។

ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានលោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រុំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

បើតាមរបាយការណ៍ ស្ថានីយទឹកស្អាតសហគមន៍ព្រុំស្រី គឺអាចផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងភូមិចំនួន៣ មានភូមិព្រុំស្រី ភូមិស្វាយរៀង និងភូមិកន្តុងរ៉ុង ដែលមានអ្នកប្រើប្រាស់សរុបចំនួន៥២៤គ្រួសារ។

តាមរបាយការណ៍ដដែល ការកសាងស្ថានីយទឹកស្អាតនេះដែរ គឺនៅក្រោមការឧបត្ថម្ភគាំទ្រពីអង្គការទស្សនពិភពលោក ដោយប្រើប្រាស់ថវិកាសរុបរួមចំនួន៤០៥,៧៨៩,៤០០រៀល បូករួមទាំងថវិកាបដិភាគរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំចំនួន១៤,០០០,០០០រៀល និងថវិកាសហគមន៍ចំនួន៥០,៧៨៩,៤០០រៀលទៀត សរុបទាំងអស់មានចំនួន៤៧០,៥៧៨,៨០០រៀល ស្មើនឹងជាង១១៧,៦០០ដុល្លារអាមេរិក។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក សាយ គឹមឡម បានលើកឡើងថា សមិទ្ធផលទឹកស្អាតនៅពេលនេះដោយសារប្រទេសជាតិមានកាអភិវឌ្ឍលើគ្រប់វិស័យតាំងពីទីក្រុងរហូតដល់ជនបទ ហើយក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការគាំទ្រពេញទំហឹងរបស់អង្គការទស្សនពិភពលោកផងដែរ។

ជាមួយនោះ លោក សាយ គឹឡម បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារត្រូវប្រើប្រាស់ទឹកស្អាតឲ្យបានគ្រប់ៗគ្នា ក្នុងនោះរដ្ឋបាលឃុំរុងរឿងត្រូវយកចិត្តទុកដាក់ក្នុងការតបណ្តាញទឹកស្អាតជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា ជាពិសេសគ្រួសារក្រីក្រ ស្ត្រីមេម៉ាយ និងគ្រួសារងាយរងគ្រោះ។

លើសពីនេះ លោកអភិបាលស្រុកបានណែនាំដល់គណៈកម្មការគ្រប់គ្រងស្ថានីយទឹកស្អាតនេះត្រូវធ្វើការគ្រប់គ្រងប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ ទើបស្ថានីយមានការរីកចម្រើន៕