(ព្រះវិហារ)៖ រដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើដំណើរ​ឆ្លងកាត់ចំពោះមធ្យបាយយានយន្តគ្រប់ប្រភេទ ចាប់ពីដងទង់ជាតិគោបុរះទី៥ រហូតដល់ពយតាឌីនៃប្រាសាទព្រះវិហារ។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកជាំក្សាន្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា៖ «ដោយសង្កេតឃើញថានៅរដូវវស្សាភ្លៀងធ្លាក់ជាប្រចាំធ្វើឱ្យស្ថានភាពផ្លូវលើប្រាសាទព្រះវិហារ មានការខូចខាតខ្លាំង ជាពិសេសចាប់ពីចំណុចដងទង់ជាតិជិតគោបុរះទី៥ រហូតដល់ពយតាឌី មានការហូរច្រោះដីធ្វើឱ្យមានជង្ហុកជ្រៅ និងមានសភាពរអិល ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ នៅពេលធ្វើចរាចរណ៍ឆ្លងកាត់»។

ដើម្បីថែរក្សាសុវត្ថិភាពជូនសាធារណជន និងចូលរួមចំណែកក្នុងការលើកស្ទួយកិច្ចការអភិរក្សហេដ្ឋារចនាសម្ព័ន្ធបុរាណ ដែលជាសម្បត្តិបេតិកភ័ណពិភពលោក រដ្ឋបាលស្រុកជាំក្សាន្ត សូមជូនដំណឹងផ្អាកការធ្វើដំណើរឆ្លងកាត់ ចំពោះមធ្យោបាយយានយន្តគ្រប់ប្រភេទ ចាប់ពីចំណុចដងទង់ជាតិគោបុរះទី៥ រហូតដល់ពយតាឌី នៃប្រាសាទព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកជាំក្សាន្ត៖