(សៀមរាប)៖ កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយនៅថ្ងៃទី២៦ ខែកក្កដានេះ។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សារបស់យុវជន ក្នុងការត្រៀមខ្លួនសម្រាប់ការទទួលអនាគតការងារថ្មីក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្រោយចប់កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ ដោយលើកឡើងថា កិច្ចសន្ទនានេះមានការជជែកវែកញែកពីបញ្ហាអាស៊ាន ដែលផ្តល់ឱកាសឱ្យយុវជនដឹងបញ្ហាផ្សេងៗពាក់ព័ន្ធជាមួយបញ្ហាថាតើយុវជនអាចចូលរួម អាចកសាងសហគមន៍អាស៊ានបានដូចម្ដេច។ល។

លោក ហង់ ជួនណារ៉ុន បន្ថែមថា យុវជនអាចចូលរួមក្នុងការរៀបចំ គោលនយោបាយយ៉ាងដូចម្ដេច ដើម្បីផលប្រយោជន៍យុវជន ពិសេសពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ ដែមទាមទារឱ្យត្រៀមខ្លួនជាស្រេច ពិសេសពាក់ព័ន្ធបច្ចេកវិទ្យា ផ្នែកបំនិនសតវត្សទី២១ តើវិស័យអប់រំត្រូវឆ្លើយតបបែបណា ពិសេសផ្តល់ឪកាសយុវជនបានផ្តល់អនុសាសន៍ ដើម្បីឱ្យថ្នាក់ដឹកនាំរដ្ឋមន្រ្តី អាស៊ានយកទៅពិចារណា។

ជាមួយនោះ លោក ហង់ ជួនណារ៉ុន ក៏ជំរុញឱ្យយុវជនអាស៊ានធ្វើយ៉ាងណាត្រៀមខ្លួនដើម្បីទទួលឱកាសអនាគតការងារថ្មី ក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។ បច្ចេកវិទ្យាទាំងនោះ នឹងសម្លាប់ការងារចាស់ៗ ហើយលេចឡើងនូវការងារថ្មីៗ ដែលយើងមិនអាចជាមុន។

តាមការបញ្ជាក់ពីលោករដ្ឋមន្រ្តី យុវជនអាស៊ានបានដាក់ចេញនូវអនុសាសន៍ចំនួន៨ផ្នែក ទៅថ្នាក់ដឹកនាំអាស៊ានផងដែរ ដែលក្នុងនោះរួមមាន ទី១ ផ្នែកអភិបាលកិច្ច, ទី២ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងវានានុវត្តន៍ ទី៣ ការបង្កើតការងារសម្រាប់អនាគត ទី៤ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ទី៥ កំណើនប្រកបដោយបរិយាប័ន ទី៦ បម្រែបម្រួលអាកាសធាតុ ទី៧ ការកាត់បន្ថយគំលាតអភិវឌ្ឍន៍ប្រទេសអាស៊ាន ទី៨ ការផ្លាស់ប្ដូររវាងប្រទេសនិងប្រទេស។

លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អនាគត យុវជនត្រូវត្រៀមខ្លួន ពិសេសក្នុងយុគសម័យដែលមានការប្រណាំងប្រជែងមហាអំណាច ធ្វើម៉េចឱ្យយុវជនយល់ដឹងពីអាស៊ាន ព្រោះយុវជនអាស៊ានមានរហូតដល់៣៥ភាគរយ ស្មើនឹង ២០០លាននាក់ ចឹងការជ្រើសរើសយុវជនជាសសរស្តម្ភនេះគឺសំខាន់ តាមមតិយោបល់គឺយើងត្រូវតែកសាងស្ថាប័ន កិច្ចសន្ទនាអាស៊ាននេះ ដើម្បីអោយយុវជនចូលរួម ក្នុងការយល់ដឹងពីអាស៊ាន យល់ដឹងពីតម្លៃសង្គម ពិសេសអោយមានការចូលរួមរបស់យុវជន ក្នុងការរៀបចំគោលនយោបាយផងដែរ»

សូមបញ្ជាក់ថា កិច្ចសន្ទនាយុវជនអាស៊ានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ និង២៦ ខែកក្កដា ឆ្នាំ២០២២ នាសណ្ឋាគារសុខាសៀមរាប។ កិច្ចប្រជុំនេះ ទទួលបានការឧបត្ថម្ភថវិកាពីសាធារណកូរ៉េ។ ក្រៅពីយុវជនអាស៊ាន ក្នុងនោះក៏មានការចូលរួមពីយុវជនកូរ៉េផងដែរ ដែលសរុបមានប្រមាណ៣០០នាក់៕