(ភ្នំពេញ)៖ ជើងហោះហើរត្រង់ កម្ពុជា-ជប៉ុន នឹងចាប់បើកដំណើរការ ជាផ្លូវការ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើតាមការ បញ្ជាក់ឲ្យដឹងពីលោក ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយពិធី ចុះកិច្ចសន្យាជាផ្លូវការ លើកិច្ចព្រមព្រៀងស្តីពី «សេវាដឹកជញ្ចូន តាមផ្លូវអាកាស» រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជាមួយលោក យូជី គូមម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
លោក ជុំ សុន្ទរី បានបន្តថា សព្វថ្ងៃនេះ បើទោះជាមិនទាន់មានជើងហោះហើរផ្ទាល់កម្ពុជា-ជប៉ុន ប៉ុន្តែយើងសង្កេតឃើញថា អ្នកវិនិយោគជប៉ុន បានសម្រុកចូលមកកម្ពុជា កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។
លោករំពឹងថា ជើងហោះហើរផ្ទាល់ កម្ពុជា-ជប៉ុន នាពេលខាងមុខនេះ នឹងនាំមកនូវអ្នកវិនិយោគ ព្រមទាំងអ្នកទេសចរទ្វេដងមកកាន់កម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរ សម្រាប់់ឆ្នាំ២០១៥ ទេសចរជនជាតិជប៉ុន ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានចំនួន១៩៣,៣៣០នាក់ ក្នុងនោះ មានទេសចរមកសំរាកកម្សាន្ត ចំនួន១៦៧,៣៥៥នាក់ និងមកធ្វើអាជីវកម្ម មានចំនួន២២,១៧៤នាក់ និងមកកម្សាន្តក្នុងករណីផ្សេងៗទៀត មានចំនួន៣,៨០១នាក់។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា កិច្ចព្រមព្រៀងនេះ បានផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដែលសហការផ្តល់សិទ្ធិ ប្រតិបត្តិការហោះហើរ ឲ្យគ្នាទៅវិញទៅមកជាប្រក្រតី និងការដាក់បញ្ញាត្តិ លើការលើកលែងពន្ធគយ គោលការណ៍កំណត់សំណុំដឹកជញ្ចូន នីតិវិធី កំណត់ថ្លៃសំបុត្រយន្តហោះ និងការធានាការ គ្រប់គ្រងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។
គួរបញ្ជាក់ កិច្ចព្រមព្រៀងខាងលើនេះ ចុះហត្ថលេខា ដោយលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជាមួយលោក យូជី គូមម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕