(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញលិខិតជម្រាបជូនប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ អំពីការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ពិសេសគឺការត្រៀមយុទ្ធនាការបង្ក្រាបរថយន្តគ្មានពន្ធនាពេលខាងមុខនេះ។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ជាពិសេសនៅពេលដែលឱសានវាទនៃការអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធចូលមកបង់ពន្ធ ឬចុះបញ្ជីកាន់តែខិតជិតមកដល់ លោក គុណ ញឹម បានណែនាំទៅកាន់ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ យ៉ាងដូច្នេះថា៖

១. ត្រូវផ្សព្វផ្សាយដល់សាធារណជនតាមភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនឱ្យបានទូលំទូលាយនូវសេចក្ដីជូនដំណឹងរបស់ អគរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

២. ត្រូវបន្តផ្ដល់សេវាទទួលបង់ពន្ធ និងអាករ ជាពិសេសការចុះបញ្ជីរថយន្តចង្កូតស្ដាំគ្មាពន្ធមានស្រាប់ក្នុងប្រទេសឱ្យបានកាន់តែសកម្ម និងល្អប្រសើរ។ ក្នុងករណីចាំបាច់ ត្រូវបន្ថែមម៉ោងរដ្ឋបាលរហូតដល់ម៉ោង៨៖០០យប់ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃការអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពណ្ធនៅសេសសល់មកបំពេញកាតព្វកិច្ចពន្ធអាករ ឬចុះបញ្ជី ត្រូវពន្យារការបិទបញ្ចប់ម៉ោងរដ្ឋបាលត្រឹមម៉ោង១០៖០០យប់។

៣. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២តទៅ គ្រប់អង្គភាពគយនិងរដ្ឋាករត្រូវប្រមូលផ្ដុំនិងប្រើប្រាស់កម្លាំងសមស្រប ដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបឱ្យបានសកម្ម និងម៉ឹងម៉ាត់លើរថយន្តគ្មានពន្ធគ្រប់ប្រភេទនៅគ្រប់មុខសញ្ញា ដូចជាទីសាធារណៈ ការដ្ឋាន និងមូលដ្ឋានអាជីវកម្មជាដើម។

គួរជម្រាបថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ និងរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបង់ពន្ធ ឬចុះបញ្ជីឱ្យបានគ្រប់គ្នា ដោយបានដាក់ឱសានវាទទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ៕

ខាងក្រោមនេះជាលិខិតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៖