(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ កម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាបើកសិក្ខាសាលារបស់ Digital Economy Agreement Leadership (DEAL Group) ក្រោមប្រធានបទ «ការពន្លឿនសមារណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

ក្នុងសុន្ទរកថានោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាឡានុវត្តភាព និងផលប្រយោជន៍នានាពីប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ និងសកម្មភាពមួយចំនួន ដើម្បីទាញយកប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល មានដូចជា ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

លោករដ្ឋមន្ត្រី បានលើកឡើងដែរថា កម្ពុជា ក៏បានធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint ២០២៥ ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

«ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន»។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការជឿជាក់ដែរថា សិក្ខាសាលានេះនឹងផ្តល់នូវឱកាសដ៏ល្អមួយដល់វាគ្មិន និងអ្នកចូលរួមមកពីស្ថាប័នរដ្ឋាភិបាល និងឯកជន ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន៕