(កោះកុង)៖ គ្រឿងញៀនចំនួន២១២គីឡូក្រាម ដែលបង្ក្រាបបាននៅខេត្តកោះកុង ត្រូវបានរៀបចំពិធីដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌»។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ ក្នុងនោះក៏មានការចូលរួមពី លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង លោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង រួមទាំងប្រធានគណៈកម្មការបិទបំផ្លាញគ្រឿងញៀន និងកងកម្លាំងប្រដាប់អាវុធមន្ត្រីគ្រប់ស្ថាប័ន និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើថា ក្នុងបរិបទកូវិដ១៩នេះឃើញថា អត្រាបទល្មើសគ្រឿងញៀន មានការកើនឡើងបន្តិចមូលហេតុនេះ គឺបណ្តាលមកពីជនល្មើស ឆ្លៀតឱកាសលួចប្រើប្រាស់ និងជួញដូរ ដោយមិនបានខ្លាចពីបញ្ហាជំងឺកូវិដ១៩ឡើយ។ ក្នុងបរិបទនេះ សមត្ថកិច្ចក៏មានការមមាញឹកក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដផង និងបង្ក្រាបរាល់បទល្មើសផង ប៉ុន្តែអ្វីដែលសំខាន់សមត្ថកិច្ចនៅតែអនុវត្តន៍បង្ក្រាបរាល់បទល្មើសទាំងអស់នៅគ្រប់មូលដ្ឋានរបស់ខ្លួនដើម្បីសុវត្តិភាពភូមិឃុំ និងសុវត្តិភាពប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ បានបន្តថា ចំពោះខេត្តកោះកុងសមត្ថកិច្ចគ្រប់មូលដ្ឋាន មានការពិបាកគ្រប់គ្រងបន្តិច ពីព្រោះទឹកដីខេត្តកោះកុង មានលំហសមុទ្រ ជ្រលងដងអូរព្រៃភ្នំដែលមានព្រំដែនជាប់ប្រទេសថៃ ហើយមធ្យោបាយក្នុងការល្បាតលើផ្ទៃសមុទ្រ មានការលំបាកក្នុងការប្រតិបត្តិការ ដោយមានភ្លៀងព្យុះខ្យល់កន្រ្ទាក់រលកធំផងនេះ ជាករណីលំបាករបស់សមត្ថកិច្ច។ អ្វីដែលសំខាន់បំផុតសមត្ថកិច្ច និងអាជ្ញាធរដែនដី សហការគ្នាឲ្យបានល្អទើបអាច ស្រាវជ្រាវមុខសញ្ញាបទល្មើស និងបង្រ្កាបបានភ្លាមៗ។

លោកក៏សំណូមពរឲ្យសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ រួមសហការឲ្យបានរឹងមាំ ក្នុងការបង្ក្រាបរាល់បទល្មើសនានា ដែលជនល្មើសប្រព្រឹត្តបើមាន ហើយស្ថាប័នពាក់ព័ន្ធដែលមានតួនាទីត្រួតពិនិត្យ ត្រូវពិនិត្យ និងតាមដានឲ្យបានម៉ងចត់ទៅលើការងារ ដែលក្រុមហ៊ុននានានាំចូលនូវសាធាតុដើមមកកែឆ្នៃវត្ថុផ្សេងៗនោះ។

លោកក៏បានផ្តាំផ្ញើដល់យុវវ័យទាំងអស់ជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាធ្វើឲ្យយុវវ័យដែលជាទំពាំងស្នងឫស្សីបាត់បង់អនាគត និងបាត់ធនធានមនុស្ស បាត់កិត្តិសយក្នុងគ្រួសារទៀតផង ដូច្នេះយុវវ័យត្រូវផ្តោតទៅលើការសិក្សាជាចម្បងដើម្បីអនាគតខ្លួនឯង និងកិត្តិសយគ្រួសារ។

ជាមួយគ្នានេះ លោកស្រី មិថុនា ភូថង បានអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ត្រូវពង្រឹងមូលដ្ឋានរបស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ មានសុវត្តិភាពដល់ប្រជាពលរដ្ឋ និងបង្រ្កាបរាល់បទល្មើសទាំងអស់កុំឲ្យមាន ពីប្រទេសជាតិយើងដែលមានសន្តិភាព ស្ថេរភាព សុវត្ថិភាពពេញលេញទាំងការរស់នៅ ទាំងសិទ្ធិសេរីភាព និងការអភិវឌ្ឍ។ លោកស្រី សូមឲ្យយុវវ័យទាំងអស់ ជៀសឲ្យផុតពីគ្រឿងញៀនដើម្បីអនាគត និងអភិវឌ្ឍន៍ប្រទេសជាតិ ទៅថ្ងៃអនាគតឲ្យកាន់តែរីកចម្រើន។

យោងតាមរបាយការណ៍របស់លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀនសារធាតុគីមីផ្សំ និងសារធាតុគីមី ពាក់ព័ន្ធផ្សេងទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌគ្រឿងញៀន ដែលត្រូវដុតបំផ្លាញចោលមានទម្ងន់២១២គីឡូក្រាម និងត្រូវដុតកម្ទេចចោលទាំងអស់ ដោយអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕