(កោះកុង)៖ មន្ដ្រីនគរបាលអន្ដរាគមន៍ម្នាក់ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ឈ្មោះ កែវ បញ្ញា បានបើករថយន្ដក្នុងស្ថានភាពស្រវឹងបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងម្ដាយរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ហើយជនបង្កព្យាយាមបើករថយន្ដ និងដោះផ្លាកឡានចេញដើម្បីគេចវេស។
ស្រ្តីរងគ្រោះជាម្ដាយឈ្មោះ ឆាំង ឆានិត អាយុ៣៨ឆ្នាំ (របួសធ្ងន់) និងកុមារីអាយុ១២ឆ្នាំ ដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ ភឿន ដារ៉ា មានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
លោក ព្រឿង សារ៉ាត់ ជាតំណាងក្រុមគ្រួសារជនរងគ្រោះ បានបាននិយាយថា ពេលនេះករណីគ្រួសារគាត់មិនទទួលបានយុត្តិធម៌នៅឡើយទេ ដូច្នេះគាត់ដង្ហើយទាមទារឲ្យយុត្តិធម៌ពីបណ្តាអ្នកច្បាប់ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយធ្វើយ៉ាងណាផ្តល់សច្ចៈភាពយុត្តិធម៌ និងសងសំណងជាថវិកាប៉ះប៉ូវផ្លូវចិត្ត ដែលខូចខាតមកលើគ្រួសារបស់ខ្លួនផង។
លោក ព្រឿង សារ៉ាត់ រៀបរាប់នៅថ្ងៃទី២៦ ខែកក្កដានេះថា ជនបង្កឈ្មោះ កែវ បញ្ញា ជាមន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍ បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានបើករថយន្តម៉ាក Ford ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អាយ ឆ្ពោះមកកាន់រង្វង់លោកយាយរែកផ្លែឈើ បុកពេញទំហឹងចំពីក្រោយពេលកំពុងធ្វើដំណើរតាមម៉ូតូដោយប្រកាន់ស្តាំស្របទិសគ្នា ពីកើតទៅលិច ហើយម៉ូតូត្រូវអូសជាច្រើនម៉ែត្រ នៅលើដងផ្លូវទល់មុខអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី។ ភ្លាមៗមហាជនសង្កេតឃើញថា ជនបង្កព្យាយាមរត់គេច និងដោះស្លាកលេខឡានចេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចរកឃើញជនបង្កកំណត់អត្តសញ្ញាណបាន។
លោកបានបន្តថា ក្រោយពីទទួលបានភ្លាមនៅគ្រោះមកលើក្រុមគ្រួសារ លោកហាក់រន្ធត់ចិត្តយ៉ាងខ្លាំង ហើយពិតជាវិប្បសារីជាអនេកចំពោះបាត់បង់ជីវិតកូនស្រី ដ៏គួរឲ្យស្រឡាញ់់រស់នៅជាមួយខ្លួនជួយថែទាំងបានជួយមើលថែរក្សាជីដូន ដែលមានជំងឺប្រចាំកាយធ្ងន់ផងដែរ។ អំឡុងមកមើលថែជីដូន ល្ងាចថ្ងៃកើតហេតុប្រពន្ធរបស់លោក ឌុបនាងដើរលេងលំហែកាយ ប៉ុន្តែមិនគួរណាជួបគ្រោះអកុសលយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា រយៈ២ថ្ងៃហើយ ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នេះ ត្រូវបានបិទជិតឈឹងគ្មានដំណឹងអ្វីទេ តែទើបបែកធ្លាយដល់ដៃអ្នកសារព័ត៌មានថ្ងៃនេះ។
លោក យស់ ចាន់វិចិត្រ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ថ្លែងឲ្យដឹងថា លោកកំពុងធ្វើការលើករណីនេះហើយ ដោយជនបង្កក៏ក្តោបបានដែរហើយ។ លោកអធិការនគរបាលក្រុងខេមរភូមិន្ទ លើកឡើងថា ឥឡូវសម្របសម្រួលរកដំណោះស្រាយទៅកាន់ក្រុមគ្រួសារជនរងគ្រោះសងជាសំណងទូទាត់ ដើម្បីមានលទ្ធភាពស្តារសេដ្ឋកិច្ចជីវភាព និងធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកចំពោះសំណួរសួរថា ក្រៅពីការសងសំណងថវិការួចរាល់ ជនបង្កអាចនឹងរួចខ្លួនពីការផ្តន្ទាទោសតាមច្បាប់ឬទេ? លោកអធិការមិនតបឆ្លើយតាមប្រព័ន្ធតេឡេក្រាមនោះឡើយ៕