(ភ្នំពេញ)៖ ក្រុមហ៊ុន First Gold បានទទួលអាជ្ញាប័ណ្ណជួញដូរជាផ្លូវការ នៃការជួញដូរមាស និងរូបិយវត្ថុអន្តរជាតិនៅកម្ពុជា និងបានបើកសម្ភោធជាផ្លូវការ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
លោកបណ្ឌិត សេម មីសូ ជានាយកប្រតិត្តក្រុហ៊ុន ហ្គោលដេន អេហ្វអិកស៍ (First Gold) បានឲ្យដឹងថា ក្រុមហ៊ុននឹងរីកចម្រើនតាមរយៈការណែនាំពីការជួញដូរមាស តាមប្រព័ន្ធអេឡិចត្រូនិច ការជួញដូររូបិយវត្ថុអន្ដរជាតិ និងផលិតផលឧបករណ៍និស្សន៍ នៅទីផ្សារហិរញ្ញវត្ថុកម្ពុជា ដើម្បីអនុញ្ញាតឲ្យវិនិយោគិន មានជម្រើសជាច្រើន ក្នុងការវិនិយោគ ហើយក៍ដូចជាជួយក្នុងការបង្កើនទ្រព្យសម្បត្តិ និងការពារហានិភ័យដល់វិនិយោគិនផងដែរ។
លោកបន្ដទៀតថា ក្រុមហ៊ុនរបស់លោកបានវិនិយោគ នៅក្នុងប្រទេសកម្ពុជា អស់ទឹកប្រាក់ចំនួន៥លានដុល្លារ និងមានដៃគូកិច្ចសហប្រតិបត្តិការដូចជា៖ The century-old Chineese Gold and Silver Exchange Society ជាក្រុមហ៊ុនដែលបម្រើឲ្យទីផ្សារមាស, The Xinhua News Agency group ជាក្រុមហ៊ុនដែលមានវិសាលភាព ប្រតិបត្តិការក្នុងប្រទេសចិន និងតំបន់អាស៊ី,
Peking University គឺជាសកលវិទ្យាល័យ ដែលគេគោរព និងទទួលស្គាល់បំផុតនៅក្នុងប្រទេសចិន។
លោក សេម មីសូ បានបញ្ចាក់ទៀតថា មូលហេតុដែលបណ្ដាលឲ្យក្រុមហ៊ុន របស់លោកវិនិយោគ នៅប្រទេសកម្ពុជានេះ ដោយតែក្រុមហ៊ុនមានម្ចាស់ភាគហ៊ុន ដែលជាដៃគូនៅកម្ពុជា គួបផ្សំនឹងការរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជា រួមមានវិស័យអប់រំ វិស័យទេសចរណ៍ វិស័យប្រៃសណីយ៍ និងគមនាគមន៍ផងដែរ។ ពិសេសជាងនេះទៀតនោះ ដៃគូសហការរបស់ក្រហ៊ុន នៅកម្ពុជា មានគុណធម៌ និងមានបគ្គលិកលក្ខណៈជាច្រើន ដែលធ្វើឲ្យយើងមានជំនឿចិត្តក្នុងការវិនិយោគរួមគ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន First Gold បានបង្កើតឡើងតាំពីឆ្នាំ១៩៧៩ មកម្ល៉េះ និងបានវិនិយោគលើវិស័យនេះជាច្រើនប្រទេសរួចមកហើយ។ សម្រាប់ប្រទេសកម្ពុជា ជាប្រទេសដែលវិនិយោកចុងក្រោយគេ៕