(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយ ក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។

ដើម្បីអោយដំណើរ នៃការទទួលថវិកាពីសប្បុរសជនទៅជួយដល់មន្ទីរពេទ្យនេះ បានកាន់តែខ្ពស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ មកប្រជុំនៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការប្រជុំនេះធ្វើឡើង ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសម្រេចរៀបចំប្រមូលថវិកា តាមរយៈប្រើប្រាស់ QR Code ទៅដាក់នៅតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាទី ប្រជុំជនកន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុមហ៊ុន តាមទីផ្សារ នៅតាមសណ្ឋាគារ ភោជនីដ្ឋានជាដើម ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមជាថវិកាដោយស្ម័គ្រចិត្ត ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោក ឃួង ស្រេង បានបន្ថែមទៀតថា ការងារនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង រហូតឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ បង្កើតនូវមូលនិធិនេះឡើង ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាម រាជធានីខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា។

អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការងារនេះ ត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ដូច្នេះសូមអាជ្ញាធរខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីអនុវត្ត គឺមិនបង្ខិតបង្ខំ ធ្វើឡើងដោយការស្ម័គ្រចិត្ត របស់បុគ្គលនីមួយៗ។ ត្រូវបន្តការផ្សព្វផ្សាយការងារនេះ ឲ្យកាន់តែជ្រួតជ្រាបទៅដល់មន្ត្រី ក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់បានស្ម័គ្រចិត្តចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង ដោយមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន, លោក កើត ឆែ អភិបាលរងរាជធានី, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន, ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ ជាសមាជិក។

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ មានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

រាយការណ៍អំពីវឌ្ឍនភាព នៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួម បរិច្ចាគរួមមាន ឈ្មោះ (ភាសាខ្មែរ និងអក្សរឡាតាំង) ភេទ ចំនួន ថវិកាបរិច្ចាគ និងលេខទូរស័ព្ទរបស់ សប្បុរសជនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជាសាធារណៈឲ្យបានទាន់ពេលក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណជន និងបំពេញការងារផ្សេងទៀតតាមការណែនាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៕