(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការផ្លាស់ប្តូរក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ» នៅសាលាជាតិពន្ធដារ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក តែ ឡូរិន ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យវេស្ទើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវេស្ទើន មន្ត្រីរាជការពន្ធដារ និងនិស្សិតនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ១០០នាក់។

លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យវេស្ទើន បានផ្តល់មតិចាប់អារម្មណ៍អំពីការផ្លាស់ប្តូរ ក្រេឌីតសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ និងគោរពថ្លែងអំណរគុណចំពោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងបានអរគុណចំពោះ លោក លីម ដឺលុច អគ្គនាយករង ដែលបានផ្តល់កិច្ចសហការល្អ និងជ្រើសរើសសាកលវិទ្យាល័យវេស្ទើនមុនគេ ក្នុងការអនុវត្តការផ្លាស់ប្តូរក្រេឌីត សិក្សាជំនាញវិជ្ជាជីវៈពន្ធដារ សម្រាប់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន និងសិក្ខាកាម ដែលបានសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ នៅសាលាជាតិពន្ធដារ ក្នុងន័យចូលរួមក្នុងការពង្រឹងគុណភាពសិក្សា របស់និស្សិតលើជំនាញវិជ្ជាជីវៈពន្ធដារ។

លោក លីម ដឺលុច បានស្វាគមន៍វត្តមាន លោក-លោកស្រី ប្អូនៗនិស្សិតទាំងអស់ដែលបានចូលរួម ក្នុងពិធីចុះហត្ថលេខានេះ និងបានគូសរំលេចអំពីការកែទម្រង់ស៊ីជម្រៅ របស់អគ្គនាយកដ្ឋានពន្ធដារលើគ្រប់ផ្នែក ជាពិសេសផ្នែកបច្ចេកវិទ្យា ដែលក្នុងនោះ សាលាជាតិពន្ធដារក៏បានធ្វើបច្ចុប្បន្នភាព និងកែលម្អកម្មវិធីគ្រប់គ្រង និងកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាបណ្តុះបណ្តាលដល់សិក្ខាកាមជាមន្ត្រីរាជការពន្ធដារ អ្នកជាប់ពន្ធ សិស្ស-និស្សិត និងសាធារណជន ឱ្យស្របតាមរបត់ថ្មីនៃបរិបទពន្ធដារកម្ពុជា និងការប្រែប្រួលនៃ
បច្ចេកវិទ្យា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងអនុញ្ញាតឱ្យនិស្សិត ឬសិក្ខាកាមដែលបានសិក្សា និងប្រលងជាប់យ៉ាងហោចណាស់ ៦ ក្រេឌីតនៃមុខវិជ្ជាតម្រូវ នៅសាលាជាតិពន្ធដារ ឬ៦ ក្រេឌីត នៃវគ្គសិក្សាផ្នែកពន្ធដារ នៅសាកលវិទ្យាល័យវេស្ទើន អាចធ្វើការផ្ទេរក្រេឌីតសិក្សា ដើម្បីបន្តវគ្គសិក្សាជំនាញវិជ្ជាជីវៈពន្ធដារ នៅសាលាជាតិពន្ធដារ ឬវគ្គសិក្សាផ្នែកពន្ធដារ នៅសាកលវិទ្យាល័យវេស្ទើន។ បន្ថែមលើនេះ
ការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមប្រព័ន្ធក្រេឌីត ចំពោះវគ្គសិក្សាជំនាញវិជ្ជាជីវៈពន្ធដារនេះ នឹងផ្តល់លទ្ធភាពឱ្យសិស្ស-និស្សិតសិក្សា មុខវិជ្ជាពាក់ព័ន្ធនឹងពន្ធដារស៊ីជម្រៅ រួមជាមួយការអនុវត្តក្នុងការប្រើប្រាស់ប្រព័ន្ធគាំទ្រ ក្នុងការបង់ពន្ធនានា និងទទួលបានវិញ្ញាបនបត្របញ្ជាក់ ការសិក្សាវគ្គជំនាញវិជ្ជាជីវៈពន្ធដារ នៅពេលប្រលងជាប់

បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលោក លីម ដឺលុច បានប្រគល់ជូនលោក តែ ឡូរិន នូវសៀវភៅកំណែទម្រង់ពន្ធដារ ២០១៣-២០២០, សទ្ទានុក្រមពន្ធដារ និងព្រឹត្តិបត្រពន្ធដារ សម្រាប់ថា្នក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត សិក្សាស្វែងយល់បន្ថែម៕