(ភ្នំពេញ)៖ ក្រោមក្របខណ្ឌនៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី២ (DEY II) ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាអនុវត្តរួមគ្នា ក្រសួងនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ «ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ជិះកង់នេះក្នុងគោលបំណងដូចជា៖ (១) រំលឹកដល់ទិវាយុវជនអន្តរជាតិឆ្នាំ២០២២, (២) លើកកម្ពស់ចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់របស់ អ្នកពាក់ព័ន្ធសំខាន់ៗ (រាជរដ្ឋាភិបាល/អ្នកបង្កើតគោលនយោបាយ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយជាតិ និងអន្តរជាតិ) ក្នុងការគាំទ្រសម្របសម្រួល និងបង្កើតការងារសមរម្យ និងបរិយាប័ន្នសម្រាប់យុវជនមានពិការភាព។

នៅក្នុងសេចក្កីជូមដំណឹងបានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះក្រសួងនឹងគ្រោងរៀបចំអ្នកជិះកង់ចំនួន ៣០០នាក់ ដោយអ្នកចូលរួមត្រូវប្រើប្រាស់មធ្យោបាយ (កង់) ផ្ទាល់ខ្លួន ហើយត្រូវជួបជុំគ្នាវេលាម៉ោង ៥៖០០នាទីព្រឹក នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានចម្ងាយផ្លូវប្រវែង ២0គីឡូម៉ែត្រ និង ៣៥គីឡូម៉ែត្រ សម្រាប់សាធារណជនទូទៅ និងចម្ងាយផ្លូវប្រវែង ១គីឡូម៉ែត្រ សម្រាប់ជនមានពិការភាព។ (សូមជូនភ្ជាប់ឧបសម្ព័ន្ធ)

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួម អាចទំនាក់ទំនងទៅកាន់ក្រុមការងារសម្របសម្រួលកម្មវិធីតាមរយៈលេខទូរសព្ទ ០១២ ៤២៨ ៣៤៥/០១៧ ៧៤៧ ៧៧៣/០១៧ ៣៦៣ ៩៣៦/០១២ ៣០៦ ៨៥៥៕

ខាងក្រោយនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖