(ភ្នំពេញ)៖ មនុស្ស៣នាក់ ដែលពាក់ព័ន្ធនឹងការផលិតវីដេអូអសីលធម៌ និងអាសអាភាស នៅលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ត្រូវបា នស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកអប់រំ និងធ្វើកិច្ចសន្យា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។
វិធានការនេះ ជាការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមាន Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា «វិប្បដិសារី» នៅលើសណ្តាញសង្គមហ្វេសបុក។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរលបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា វីដេអូនេះត្រូវបានបង្ហោះកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយបង្ហាញពីសកម្មភាពបុរស០២នាក់ សម្តែងនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
លោកបានបញ្ជាក់ថា បុគ្គលទាំង០៣នាក់ ដែលពាក់ព័ន្ធនឹងការផលិតវីដែអូនេះ បានសុំទោសជាសាធារណៈ ក្នុងនោះរួមមាន៖
ទី១៖ ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង)
ទី២៖ ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ
និងទី៣៖ ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា តាមរយៈសកម្មភាពវីដេអូនេះ គឺបានបណ្តុះក្មេងឱ្យចេះនិយាយភាសាអសីលធម៌ អាសអាភាស ដែលនាំឱ្យប៉ះពាល់ដល់សីលធម៌សង្គម ឬក៏ប៉ះពាល់ដល់ស្ត្រីខ្មែរផ្សេងៗទៀត សម្រាប់សកម្មភាពវីដេអូនេះ គឺមានចំណុចច្រើនពិបាកស្តាប់ ដូច្នេះ ប្រសិនបើមានគំនិតច្នៃប្រឌិត គួរតែផលិតស្ប៉តវីដេអូអប់រំទាក់ទងនឹងនឹងការស្រឡាញ់បរិស្ថាន គោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ព្រមទាំងសារអប់រំផ្សេងៗល្អជាង។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ «ការផលិតវីដេអូបែបនេះ គឺបានប្រាសចាក់ពីសីលធម៌សង្គមខ្មែរ ដ៏ល្អរបស់យើងទៅវិញ»៕