(គឹមចង់, កូរ៉េខាងត្បូង)៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហេង សួរ និងលោកស្រី ជ្រឹង បុទមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានដឹកនាំក្រុមការងារចូលថ្វាយបង្គំ ព្រះតេជគុណ រិន សារ៉ូ នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរគឹមចង់ និងបានប្រគេនបច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥លានវ៉ុន សម្រាប់សម្រួលដល់ការចំណាយរបស់មជ្ឈមណ្ឌលផងដែរ។
លោក ហេង សួរ ក៏បានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះតេជគុណ រិន សារ៉ូ ដែលតែងតែជួយផ្សព្វផ្សាយធម៌ព្រះពុទ្ធដល់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េជាច្រើនឆ្នាំមកនេះ។
នាឱកាសនោះលោក ហេង សួរ ក្នុងនាមក្រុមការងារ និងលោកស្រី ជ្រឹង បុទុមរង្សី ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានរួមគ្នានិមន្តព្រះតេជគុណ រិន សារ៉ូ ចូលរួមកម្មវិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌនៅថ្ងៃទី១៨ និងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ លោក ហេង សួរ ក៏បានជួបសួរសុខទុក្ខប្អូនៗពលករ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល និងជូនពរប្អូនៗ មានសុខភាពល្អ ព្រមទាំងឆាប់ទទួលបានការងារថ្មីធ្វេីតាមបំណង៕