(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាថា ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស និងផ្តល់ការងារធ្វើសម្រាប់ពលរដ្ឋយ៉ាងច្រើន។
គួរជម្រាបថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី អ៉ិត សំហេង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
នាឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងអំពីនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ផ្តល់ការងារធ្វើសម្រាប់ពលរដ្ឋឱ្យមានជីវភាពធូរធាជាលំដាប់។
លោកស្រីឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាបានបង្ហាញពីការពេញចិត្តនឹងការបំពេញបេសកម្មការជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពឲ្យកាន់តែប្រសើរ។
លោក អ៉ិត សំហេង បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតអំពីចំណុចសំខាន់ៗមួយចំនួននៃវឌ្ឍនភាពលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្ពុជាកំពុងអនុវត្តន រួមមាន ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការរក្សានិងបង្កើនមុខរបរនិងការងារនៅក្នុងនិងក្រៅប្រទេស ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ។
លោកបន្តថា កម្ពុជាបានអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិជាមួយលក្ខខណ្ឌការងារ តាមរយៈគម្រោង ILO-BFC កម្មវិធីការងារសមរម្យនៅកម្ពុជា កម្មវិធីសង្គម និងបទដ្ឋានការងារនៃវិស័យកាត់ដេរ និងវាយនភណ្ឌក្នុងតំបន់អាស៊ី និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។ ចំណែកប្រាក់ឈ្នួលអប្បរមាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី។ ក្នុងឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ គឺ១៩៤ដុល្លារអាមេរិក/ខែ រីឯអត្រាអ្នកអត់ការងារធ្វើរង្វង់តែ០.៣%។
ជាលទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានបង្ហាញការពេញចិត្ត និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនាពេលកន្លងមក ព្រមទាំងឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេសនាពេលអនាគត៕