(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានជំរុញឲ្យមន្ត្រីខិតខំធ្វើកិច្ចការមនុស្សធម៌ ឲ្យបានខ្លាំងក្លាថែមទៀត សម្រាប់ឆមាសទី២ ឆ្នាំ២០២២នេះ។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ទូច ឆៃ នាយកប្រតិបត្តិសាខា អំពីវឌ្ឍនភាពការងាររបស់សាខា រយៈពេល ឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងឆមាសទី១កន្លងទៅនេះ មន្ត្រីនៃសាខាកាកបាទក្រហមខេត្តកំពង់ចាម បានធ្វើអំពើល្អ លើកិច្ចការមនុស្សធម៌ ដល់ប្រជាពលរដ្ឋបានទូលំទូលាយរួចហើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់ឆមាសទី២ ក្នុងឆ្នាំ២០២២នេះ ត្រូវត្រួតពិនិត្យមើលបន្ថែមទៀត នូវចំណុចខ្វះចន្លោះ ដើម្បីបង្កើនការធ្វើអំពើល្អ ដូចជាការផ្ដល់អំណោយជាផ្ទះ, ការព្យាបាល, ការបណ្តុះបណ្តាល, ការអប់រំ, ការលើកទឹកចិត្តឲ្យគោរពច្បាប់ចរាចរណ៍ជាដើម ត្រូវតែធ្វើសកម្មភាពឲ្យបានខ្លាំងក្លាជាមុន។
ម្យ៉ាងទៀត ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើងនឹងការរៀបចំផែនការ បន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត៎ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដ១៩ តាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ឲ្យពួកគេក្លាយជាប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ អង្គប្រជុំបានឯកភាពលើសេចក្តីសម្រេចរបស់កាកបាទក្រហមកម្ពុជា ស្តីពីការទទួលស្គាល់ លោក អ៉ឹង វិសុទ្ធ ជាសមាជិកគណៈកម្មាធិការសាខា និងលោក ស៊ាន សុគុន, លោក សុខ លឹមហៀង ជាសមាជិកបម្រុងផងដែរ៕