(កែប)៖ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកែប និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសហការគ្នារៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងចំនួន ៣០០០ ដើមនៅសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន និងចូលរួមស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថា នឹងជាសារដ៏សំខាន់បណ្តុះស្មារតីពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។
អញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវត្តមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប, លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកវីតាល់ និងបងប្អូនប្រជាសហគមន៍នេសាទភូមិថ្មី ជាច្រើនរយនាក់។
ព្រឹត្តិការណ៍ដាំដើមកោងកាងនេះ គឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់វីតាល់ និងជាទ្រង់ទ្រាយធំឆ្នាំទី៣ ដោយបានសហការរៀបចំជាមួយ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប ក្រោមឆត្រនៃមូលនិធិ២៥៛ ដែលមាននាទីក្នុងការតបស្នងដល់សង្គម និងផ្នែកមួយនៃមូលនិធិ គឺការចូលរួមអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ស្របជាមួយប្រធានបទ «ដើមកោងកាងស្ទួយប្រភពស្រស់ថ្លានៃធម្មជាតិ»។
លោកស្រី ជឹង សុគន្ធាវី បានថ្លែងថា៖ «វីតាល់ ដែលមានមូលនិធិ២៥៛ មានមោទនភាពដែលទទួលការបន្តគាំទ្រពីក្រសួងបរិស្ថាន សម្រាប់គម្រោងដាំដើមកោងកាង ក្នុងឆ្នាំទី៣ ជាចំណែកនៃការចូលរួមការពារ និងស្តារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៃតំបន់ឆ្នេរកម្ពុជា។ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងបានរងការគំរាមកំហែងដោយសារសកម្មភាពរបស់មនុស្ស ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញមានសារៈសំខាន់ណាស់ ហើយយើងទាំងអស់ អាចចាប់ផ្តើមពីថ្ងៃនេះ តាមរយៈសកម្មភាពនៃការដាំកោងកាងឡើងវិញចូលរួមការពារ និងផ្សព្វផ្សាយ ដើម្បីឱ្យអនាគតកម្ពុជាកាន់តែប្រសើរ និងជាប្រភពស្រស់ថ្លានៃធម្មជាតិ»។
ថ្លែងក្នុងពិធីនោះ លោក នេត្រ ភក្ត្រា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សដើមកោងកាងនៅកម្ពុជា ដោយលើកឡើងថាការដាំកូនកោងកាងក្នុងទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា មិនត្រឹមតែចូលរួមបង្កើតភាពបៃតងនៅតាមតំបន់ខេត្តមាត់សមុទ្រ ប៉ុន្តែបានចូលរួមបង្កើតជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅតំបន់សមុទ្រ ហើយនឹងផ្តល់ការលើកទឹកចិត្តដល់សាធារណៈជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំងនិងចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។
រដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ «ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់»។
លោក សោម ពិសិដ្ឋ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់វីតាល់ និងអរគុណចំពោះការជ្រើសរើសខេត្តកែប សម្រាប់អនុវត្តគម្រោងនេះ។
ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តគ្រប់មន្ទីរទាំងអស់ ក៏ដូចជាសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំកោងកាងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាពបរិស្ថានឱ្យបានល្អ និងលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង។
លោកបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត «បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សំដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូរអង្វែង»។
គូសបញ្ជាក់ផងដែរ វីតាល់ បានចាប់ផ្តើមអនុវត្តគម្រោងដាំដើមកោងការតាំងឆ្នាំ២០២០ ដោយបានដាំចំនួន២,០០០ដើមរួចមកហើយនៅសហគមន៍ត្រពាំងសង្កែ និងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។ ដោយសារការទឹកចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកសកម្មភាពសង្គម កាលពីឆ្នាំ២០២១ វីតាល់ ទទួលបានពានរង្វាន់មាស ផ្នែកការងារសង្គម “Global CSR Award” ពីសិង្ហបុរី៕