(ភ្នំពេញ)៖ សាស្រ្តចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ធ្មប គិលានុបដ្ឋាក និងគិលានុបដ្ឋយិកា នៃមន្ទីរពេទ្យកុមារជាតិ ចំនួន២៩៧នាក់ ត្រូវបានប្រកាសទទួលស្គាល់ក្នុងសមាសភាពរបស់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីលោកបណ្ឌិត ហេង សុខគង់ រដ្ឋលខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈអចិន្រ្តៃយ៍ ស.ស.យ.ក និង លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិផងដែរ។

ការប្រកាសទទួលស្គាល់សមាសភាពនេះ ដើម្បីបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក្រុមគ្រូពេទ្យ ស.ស.យ.ក និងបន្តសកម្មភាពបន្ថែម ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាពន្លឿន និងពង្រឹងជំនាញគ្រប់ផ្នែកដើម្បីបម្រើនូវសេវាកម្មសុខាភិបាលគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ និងគ្រប់វ័យ។

លោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ក្នុងនាមជាប្រធានកិត្តិយស បានគូសបញ្ជាក់ពីកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការបញ្ចេញអស់ពីសមត្ថភាពរបស់សមាសភាពគ្រូពេទ្យទាំង២៩៧នាក់ នាពេលកន្លងមក និងតទៅអនាគត ហើយលោកស្រីជឿជាក់ចំពោះការបេ្តជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យទាំងអស់ នឹងបម្រើប្រជាពលរដ្ឋបែបវិជ្ជាជីវៈពិតប្រាកដ បម្រើឧត្តមប្រយោជន៍ជាតិ និងគិតគូរអំពីសុខភាពសាធារណៈជាកត្តាសំខាន់ និងចំបង។

ក្នុងនាមជា ថ្នាក់ដឹកនាំក្នុងសកម្មភាពក្រុមគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ បានឲ្យដឹងថា ក្នុងដំណាក់កាល នៃការរីករាតត្បាតនៃជំងឺនៅកម្ពុជាកន្លងមក សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន៣,២៨៣នាក់ ក្នុងនោះ១,០១៧នាក់ បានចូលរួមព្យាបាលជំងឺកូវីដ១៩ កម្រិតតធ្ងន់នៅទីតាំងព្រីមៀរសែនសុខចំនួន៤១២នាក់ និងកម្រិតធ្ងន់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ចំនួន៤៦៨នាក់ និងបានព្យាបាលអ្នកជំងឺជាសះស្បើយចំនួន ៤៩,០៨១នាក់ និងសម្ព័ន្ធគ្រូពេទ្យ ២,២៥៩នាក់ បានចូលរួមជាមួយគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន ២,០៤៦,៦២០ដូស។

បន្ថែមពីលើនេះ ក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៧នាក់ បានផ្តល់ការប្រឹក្សាយោបល់ពីបញ្ហាវិបត្តិផ្លូវចិត្ត ភាពតានតឹងអារម្មណ៍ដោយសារជំងឺកូវីដ១៩ តាមប្រព័ន្ធ online និងប្រព័ន្ធ Telegram បានចំនួន១,២៦៩នាក់ផងដែរ។

ក្រៅពីសកម្មភាពខាងលើ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រនៅតាមទីជនបទ និងតំបន់ដាច់ស្រយាលបានជាង៦៥ម៉ឺននាក់ និងបានផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសបានជាង២០០នាក់ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមន្ទីរពេទ្យរដ្ឋធំៗ សាកលវិទ្យាល័យរដ្ឋ និងឯកជន អង្គការជាតិ និងអន្តរជាតិមកពីប្រទេសជាមិត្តនានា ដូចជា កូរ៉េ ជប៉ុន ចិន ម៉ាកាវ ហុងកុង អូស្ត្រាលី និងអាមេរិកជាដើម។

សូមបញ្ជាក់ថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក៕