(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានព្រមានបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ដ្រីនគរបាលទាំងឡាយណា ដែលមានតួនាទីចាប់ពីអគ្គនាយកចុះ ដែលមិនឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងបែបនេះថា «គ្រប់មន្ត្រីនគរបាលដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឲ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការអនុវត្តនេះត្រូវធ្វើឲ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែង ក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះ គឺដើម្បីឲ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។

បើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗ មកចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំណុចដែលមិនត្រូវមើលរំលងនោះទេ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យបន្តការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិ ស្របតាមស្ដង់ដាគុណភាពដែលបានកំណត់ និងផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបានពីវគ្គសិក្សានេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការងារបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា វគ្គសិក្សានេះ មានគោលបំណងពង្រឹងវិជ្ជាជីវៈនគរបាលជាតិ លើកកម្ពស់ការងារដឹកនាំ គ្រប់គ្រងនៅតាមអង្គភាព ដោយបណ្ឌិត្យសភានគរបាលជាតិ បានរៀបចំកម្មវិធីសិក្សាយ៉ាងល្អឆ្លើយបតទៅនឹងតម្រូវការនៃអង្គភាពសាម៉ី មួយវិញទៀត កម្មវិធីសិក្សានេះ នឹងបំពេញបន្ថែមទៅលើជំនាញនគរបាលជាមូលដ្ឋានទៅដល់នគរបាលទាំងអស់ដែលមិនធ្លាប់បានឆ្លងកាត់វគ្គសិក្សា៕