(ព្រះសីហនុ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» និងដុតបំផ្លាញចោលនូវវត្ថុតាងជាគ្រឿងញៀនជិត៦៤គីឡូក្រាម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាល និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ។
ក្នុងនោះមានការចូលរួមពីលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ កំពត និងខេត្តកំពង់ស្ពឺ និងប្រតិភូ ស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ និងមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទប្រជាពលរដ្ឋសិស្ស និស្សិត យុវជនសសយក កាកបាទក្រហម និងកាយរិទ្ធ សរុប៥៦០នាក់ ដែលបានធ្វើនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា វត្ថុតាងគ្រឿងញៀន ដែលបានបង្កភាពមហន្តរាយដល់អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍ មានជិត៦៤គីឡូក្រាម ក្នុងនោះ ខេត្តព្រះសីហនុ មានជាង២០គីឡូក្រាម, ខេត្តកំពង់ស្ពឺ ជាង៣១គីឡូក្រាម និងខេត្តកំពតជាង០៥គីឡូក្រាម ត្រូវបានដុតបំផ្លាញ។
លោក គួច ចំរើន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនដោយប្រកាន់យកនូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទាជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំរបស់អង្គការយូ អ៊ិន អូ ឌី ស៊ី (UNODC) ដោយឈរលើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋានបើទោះបីស្ថិតក្នុងកាលៈទេសៈលំបាកនិងប្រឈមយ៉ាងណាក្តី។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងថា គ្រឿងញៀននៅតែជាបញ្ហាដែលតម្រូវឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវបន្តអនុវត្តនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧។
លោកបន្ដថា គ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការសម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់តាមគ្រប់មធ្យោបាយបង្រ្កាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការ ពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុនរោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា៕