(ភ្នំពេញ)៖ ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានវិនិយោគនៅកម្ពុជារយៈពេលប្រមាណ ១០ឆ្នាំហើយ។ រយៈពេលប្រមាណមួយទសវត្សរ៍នេះ ដំណើរការវិនិយោគរបស់ក្រុមហ៊ុនមានវឌ្ឍនភាព និងរីកចម្រើនជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ ចូលជួបសម្តែងការគួរ និងជម្រាបពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក កៃនុម៉ា បានបង្ហាញនូវភាពរីករាយជាខ្លាំងចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាលើដំណើរការវិនិយោគរបស់ក្រុមហ៊ុន។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក កៃនុម៉ា បានជម្រាបសម្តេចតេជោអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នក្រុមហ៊ុន បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។
លោក កៃនុម៉ា បានជម្រាបសម្តេចតេជោទៀតថា ក្រុមហ៊ុនរបស់លោកយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃសេដ្ឋកិច្ច សេវាល្អ និងមានល្បឿនលឿន។ ជាពិសេសយកចិត្តទុកដាក់ខ្លាំងទៅលើបរិស្ថានផងដែរ។
លោក កៃនុម៉ា បានបន្ថែមថា រោងចក្ររបស់លោក បានផលិតភ្លើង LED ១០០ភាគរយនៅកម្ពុជា ហើយបាននាំចេញទៅលក់នៅទីផ្សារលើពិភពលោក។ ដោយឡែកនៅកម្ពុជា ក្រុមហ៊ុនបានដំឡើងអំពូល LED បាន ១៨,៨៨០អំពូល អាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង និងជួយកាត់បន្ថយការសាយភាយឧស្ម័នកាបូនិកផងដែរ។ ជាពិសេសជួយកាត់បន្ថយការចំណាយលើអគ្គិសនីប្រមាណ ១លានដុល្លារក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោក កៃនុម៉ា ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករក្រុមហ៊ុនមីនីបៀ ឱ្យរួចផុតពីការរីករាលដាលជំងឺកូវីដ១៩។ ក្នុងចំណោមកម្មករជាង ៦ពាន់នាក់ មានកម្មករតែ ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺកូវីដ១៩។ កាន់តែពិសេសនោះ ទោះបីក្នុងដំណាក់កាលរីករាតត្បាតជំងឺកូវីដ១៩ រោងចក្ររបស់លោកនៅដំណើរការជាប្រក្រតី ពុំមានការខកខានច្រវាក់ផលិតកម្ម និងច្រវាក់ផ្គត់ផ្គង់នោះឡើយ។
លោក កៃនុម៉ា ក៏បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើជាអធិបតីប្រារព្ធខួប១០ឆ្នាំនៃវត្តមានក្រុមហ៊ុននៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀ ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលយកការអញ្ជើញធ្វើអធិបតីប្រារព្ធពិធីអបអរសាទរខួប១០នៃការវិនិយោគរបស់ក្រុមហ៊ុនមីនីបៀ នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដែលបានបញ្ចុះបញ្ចូលក្រុមហ៊ុនមីនីបៀ ដែលជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ ក៏បានផ្តល់ការគាំពារយ៉ាងមុតមាំលើដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជារយៈពេលប្រមាណមួយទសវត្សរ៍កន្លងមកនេះ។
ក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានរំលឹកថា នៅពេលសម្តេចបញ្ចុះបញ្ចូលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា សម្តេចបានអនុវត្តន៍នូវយុទ្ធសាស្ត្រពីរ គឺត្រីណាមកដល់មុន គឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនវិនិយោគនៅកម្ពុជា មានជំនឿចិត្តលើកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់៕