(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានបន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
ក្នុងឱកាសនោះ លោក ធឹម សំអាន បានលើកឡើងថា ការផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។
លោកក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីជំងឺប្រភេទថ្មីអុតស្វា ដែលរកឃើញលើជនជាតិនីហ្សេរីយ៉ា នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ដែលមកដល់ពេលនេះ អ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវបានអាជ្ញាធរ ឲ្យស្នាក់នៅដាច់ដោយឡែក ដោយមានការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ខណៈដែលជនជាតិនីសេរីយ៉ា ដែលកើតជំងឺអុតស្វានេះ។
ទោះជាយ៉ាងណា លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នទាំងជំងឺកូវីដ១៩ ក៏ដូចជាជំងឺអុតស្វា ដែលបានរកឃើញ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនេះ ដោយអនុវត្តវិធានការសុខាភិបាលជាប់ជាប្រចាំ ជាពិសេស វិធានការ ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។
លោកក៏សូមឲយគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែស ពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការណ៍ការពារខ្លួនជានិច្ច គឺ៣ការពារ និង៣កុំ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន៖ អង្ករចំនួន២៥គីឡូក្រាម, មី ចំនួន១០កញ្ចប់, ត្រីខ ចំនួន០៤កំប៉ុង, ទឹកត្រី ចំនួន០២ដប, ទឹកសុីអុីវ ចំនួន០២ដប, ម៉ាស ចំនួន០១ប្រអប់ និងជែល ចំនួន០១ដប៕