(ភ្នំពេញ)៖ ដោយមើលឃើញពីសារៈសំខាន់ និង ភាពងាយស្រួលក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យានោះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយ ហើយនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦នេះ បានបើកសិក្ខាសាលាមួយ ដើម្បីបញ្ជ្រៀបចំណេះដឹង និងស្វែងរកនូវភាពខ្វះចន្លោះមួយចំនួនពីដៃគូពាក់ព័ន្ធ ជួយឲ្យការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឲ្យកាន់តែល្អប្រសើរថែមទៀ។
សិក្ខាសាលាស្តីពី «កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីក ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (FMIS: Financial Management Information System) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ធ្វើឡើងក្រោម អធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS: Financial Management Information System) FMIS តំណាងលោកទេសរដ្ឋ មន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ជំហានទី ១ និង សេចក្តីព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ជូនដល់គ្រប់ក្រសួង ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធ ពិសេសដើម្បីប្រមូល ធាតុចូលសំខាន់ៗពីក្រសួង ស្ថាប័ន និង កៀរគរការគាំទ្ររឹតតែខ្លាំងចំពោះការបន្តអនុវត្តគម្រោង FMIS ជំហានទី ២ នៅឆ្នាំ ២០១៧ ខាងមុខ ។
នៅក្នុងសិក្ខាសាលានោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ឱ្យដឹងថា គម្រោង FMIS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សារភ្ជាប់ និងជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាលគិតចាប់តាំងពី ដំណាក់កាលទី ១ «ភាពជឿទុកចិត្តបាននៃថវិកា», ដំណាក់កាលទី ២ «ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ» និងដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ។ ជាក់ស្តែងការអនុវត្តបុរេលក្ខខណ្ឌក្នុងការកសាងប្រព័ន្ធ FMIS តាមរយៈ «យុទ្ធសាស្ត្រ ត្រៀមលក្ខណៈក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS» ឬ ហៅកាត់ថា «យុទ្ធសាស្ត្រ ៣+២» បានជំរុញឱ្យសម្រេចបាននូវការងារគន្លឹះជាច្រើន របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងពីរដំណាក់កាល ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ទិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្របតាមចក្ខុវិស័យ និង ការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍ និង កំណើនជូនប្រជាជនកម្ពុជា ។
លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា សមិទ្ធផលនៃគម្រោង FMIS ពោលគឺ “ប្រព័ន្ធ FMIS” នឹងដើរតួនាទីកាន់តែសំខាន់ ដូចជាឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលបន្តបន្ទាន់ ពិសេសដំណាក់កាលទី ៣ គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលទាមទារឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង ភាពជាម្ចាស់ពីបណ្ដាក្រសួង ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាល។
ជាក់ស្តែងនៅក្នុងដំណាក់កាលទី១ និងទី២ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាអ្នកនាំមុខ ហើយការងារកែទម្រង់ភាគច្រើន គឺស្ថិតនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ប៉ុន្តែនៅក្នុងដំណាក់កាលទី៣ នេះ ការងារភាគច្រើន ត្រូវបានផ្ទេរពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទៅក្រសួង-ស្ថាប័ន ដែលជាអង្គភាពថវិកា ទទួលបានសិទ្ធិ និង ការទទួលខុសត្រូវក្នុងការអនុវត្ត និង គ្រប់គ្រងថវិកាតាមកម្មវិធី ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនឹងដើរតួនាទីជាអ្នកសម្របសម្រួលវិញ។
ក្នុងដំណាក់កាលទី៣ នេះ ប្រព័ន្ធ FMIS គឺជាឧបករណ៍គន្លឹះ ដែលមិនអាចខ្វះបាន និងមានសារៈប្រយោជន៍បំផុតក្នុងការដាក់ឱ្យអនុវត្ត មាតិកាថវិកាថ្មី, ការកត់ត្រាតាមស្តង់ដារគណនេយ្យ និង ប្លង់គណនេយ្យថ្មី, អង្គភាពថវិកា, ការកែសម្រួល និង តម្រង់ទិសនីតិវិធីអនុវត្ត និង គ្រប់គ្រងថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការពង្រឹងសវនកម្ម និង ការត្រួតពិនិត្យផ្ទៃក្នុង និង ការពង្រឹង និង ពង្រីកប្រព័ន្ធថវិកាកម្មវិធីពេញលេញជាជំហានៗ នៅតាមក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ។
ក្នុងនាមជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានជម្រាប អង្គសិក្ខាសាលាអំពីបទពិសោធន៍ និង បញ្ហាប្រឈមនានា នៃដំណើរការអភិវឌ្ឍគម្រោង FMIS ជំហានទី ១ ដែលក្រុមការងារ បានជួបប្រទះ និង ព្យាយាមដោះស្រាយអស់ពីកម្លាំងកាយចិត្ត និង បញ្ញាស្មារតី ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រព័ន្ធ FMIS ថ្មីមួយ ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ស្តីពីការគ្រប់គ្រងហានិភ័យ ជាពិសេសការគ្រប់គ្រងការផ្លាស់ប្ដូរ ដើម្បី ឱ្យការអនុវត្តគម្រោងនៅតាមក្រសួង-ស្ថាប័ន អាចចៀសចាកផុតជាអតិបរមានូវបញ្ហាប្រឈម និង ចំណុចខ្វះខាត ។
ថ្លែងក្នុងពិធីនោះ លោក ហ៊ាន សាហ៊ីប បានឱ្យដឹងថា តាមរយៈប្រព័ន្ធ FMIS ក្រសួងស្ថាប័នទាំងអស់នឹងអាចធ្វើប្រតិបត្តិការរបស់ខ្លួន ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដោយផ្ទាល់លើការងារប្រចាំថ្ងៃដូចជា ការធានាចំណាយ, ការទូទាត់អាណត្តិ, ការធ្វើវិភាជន៍ ផ្ទេរ/និយ័ត ថវិកា និង ការតាមដានឥណទានថវិកា តាមរយៈប្រព័ន្ធទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកាប្រកបដោយភាព សមាហរណកម្ម និង សង្គតិភាព ។ ជាលទ្ធផល ប្រព័ន្ធ FMIS នឹងសម្រួលដល់ការរក្សាទុក និង ស្វែងរកឯកសារ, បង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសាច់ប្រាក់, ពន្លឿនការទូទាត់ចំណាយ និង ការងារលទ្ធកម្ម, សម្រួលដល់ការរៀបចំរបាយការណ៍បានលឿន ត្រឹមត្រូវ និង មានសង្គតិភាព, និង សម្រួលដល់ការអនុវត្តថវិកាកម្មវិធី តាមសកម្មភាព ចង្កោមសកម្មភាព អនុកម្មវិធី និង កម្មវិធីផ្សារភ្ជាប់ជាមួយចំណាត់ថ្នាក់សេដ្ឋកិច្ច និង ចំណាត់ថ្នាក់រដ្ឋបាល ព្រមទាំងកាត់បន្ថយការប្រើប្រាស់ក្រដាសច្រើន ។
លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមសកម្មនៅក្នុងកិច្ចពិភាក្សា, ផ្ដល់នូវធាតុចូលសំខាន់ៗ ជាគន្លឹះជាក់ស្ដែង, ចែករំលែកចំណេះដឹង និង ក្តីបារម្ភ និង សំណូមពរ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់សាមីក្រសួង-ស្ថាប័ន ក៏ដូចជារួមចំណែកផ្ទាល់ក្នុងការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យតាមគោលដៅ៕