(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្ភារសិក្សា និងថវិកា ឧបត្ថម្ភដល់កុមារដែលកំពុងស្នាក់នៅ និងសិក្សានៅអង្គការការអភិវឌ្ឍកុមារកម្ពុជា ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
នេះជាដំណើរចុះទស្សនកិច្ចលើកទី១០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅកាន់អង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមានបេសកកម្មក្នុងការជួយចិញ្ចឹមបីបាច់ និងផ្ដល់ការអប់រំសិក្សាដល់កុមារកំព្រា និងទីទ័លក្រនៅកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងជាមួយអង្គការនេះ ចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដើរតួនាទីក្នុងការសម្របសម្រួលជាមួយប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) និងប្រធានអង្គការការអភិវឌ្ឍកុមារកម្ពុជា ដើម្បីយកកុមារតាមម្ដាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ទៅចិញ្ចឹម និងផ្ដល់ការរៀនសូត្រនៅក្នុងអង្គការ។
កន្លងមកអង្គការការអភិវឌ្ឍកុមារកម្ពុជា តែងតែផ្តល់កិច្ចសហការយ៉ាងល្អជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលយកជាបន្តបន្ទាប់នូវកុមារតាមម្ដាយ ដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំរៀនសូត។សកម្មភាពទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឲ្យជួយឧបត្ថម្ភគាំទ្រអង្គការនេះ ដើម្បីបន្តជួយដល់កុមារជួបការលំបាកនៅកម្ពុជា។ ទំនាក់ទំនងឧបត្ថម្ភតាមរយៈ លោកស្រី ឈូក សីហា នាយិកាប្រតិបត្តិអង្គការការអភិវឌ្ឍកុមារកម្ពុជា (+៨៥៥)១២ ២៥៩ ៦៥១៕