(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានប្រាប់ទៅសមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាមថា នៅកម្ពុជាវត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនឹងបរិមាណ កំណើនគួរឱ្យកត់សម្គាល់ នៅស្ទើរគ្រប់វិស័យសាធារណទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការគូសបញ្ជាក់បែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចបានអនុញ្ញាតឱ្យលោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅពេលដែលលោកស្រីដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា «វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។ វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គមនយោបាយ ជាកម្លាំងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេសជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម»

ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត។

លោកស្រី ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់សម្តេច អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។

លោកស្រី បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក នៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។

លោកស្រីប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនួន១៥១នាក់ ដែលស្មើប្រមាណជាង៣០%។

លោកស្រី ហា ធីង៉ា បានគោរពស្នើសូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍លោកស្រី ហា ធីង៉ា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។

សម្តេចបានអបអរសាទរលោកស្រីសហព័ន្ធនារីវៀតណាម ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារីវៀតណាម សម្រាប់អាណត្តិទី១៣ ឆ្នាំ២០២២-២០២៧ ផងដែរ៕