(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ ក្រុមហ៊ុនមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៧ពាន់នាក់។ ក្រុមហ៊ុននេះ ក៏មានផលិតឧបករណ៍ក្មេងលេងផងដែរ៕