(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News ថា ករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងនៅម៉ោង ១០៖១៥នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ បង្កឡើងដោយរថយន្តដឹកស៊ីទែនសាំង បុកជាមួយរថយន្តដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ មិនបណ្តាលឲ្យរងគ្រោះ ដល់អាយុជីវិតអ្នកបើកបរ រថយន្តទាំង២គ្រឿងនោះទេ ដោយពួកគេបានគេចខ្លួនផុតត្រឹមតែរងរបួស ស្រាលប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម ទាំងកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរផងដែរ បានជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចគល់ស្ពានក្អោង ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រវាងក្រុមហ៊ុនដឹកជញ្ជូនប្រេងតេលា មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកជែងរថយន្តដែលមានទិដៅស្របគ្នា ដល់ចំណុចកើតហេតុ ក៏ក្រឡាប់ពោងប្រេង ទៅក្បែររថយន្តដឹកញ្ជូនទំនិញ ដែលមានទិសដៅបព្រ្ចាស់ទិសគ្នា បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង៕