(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានទទួលមរណភាព នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ដោយជំងឺគាំងបេះដូង។ ដើម្បីចូលរួមរម្លែកទុក្ខដ៍ក្រៀមក្រុំនេះ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលបានចូលបច្ច័យចំនួន២លានរៀលផងដែរ ។
សូមជម្រាបថា សពរបស់លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ត្រូវបានក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនានៅវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងនាំយកបច្ច័យរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៥,០០០,០០០រៀល និងបច្ច័យរបស់ស្នងការដ្ឋានចំនួន១៧,៩១០,០០០រៀលជូនដល់គ្រួសារសពលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានលើកឡើងថា មរណភាពរបស់លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា គឺជាការបាត់បង់នូវស្វាមី និងឪពុក ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវវីរជនមួយរូប ដែលបានធ្លាប់លះបង់កម្លាំងកាយចិត្ត និងពេលវេលាបំពញភារកិច្ចលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ម្យ៉ាងវិញទៀត មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។
ក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕