(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារ ហៃយ៉ាត រីយេនស៉ី ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានឲ្យដឹងថា ឆ្នាំនេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥៥ នៃការការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤ មិថុនា ឆ្នាំ១៩៦៧ - ២៤ មិថុនា ឆ្នាំ២០២២) និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២។ ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី៥៥នេះ ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើនរួមមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ខេត្ត សមាគមមិត្តភាព ការផ្ញើសារជូនពរ និងអបអរ សាទរទៅវិញទៅមក ការផ្សព្វផ្សាយខ្លឹមសារស្តីអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។
លោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា ប្រធានសហព័ន្ធនារីវៀតណាម ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍនសហព័ន្ធនារីវៀតណាម និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងក្នុងសកលលោក ក៏ដូចជាតំបន់ ជាពិសេស ក៏បានរឹតបន្តឹងនូវចំណងសាមគ្គីភាពរបស់សមាគមនារីនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍបន្ថែមទៀត។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣ រួមមាន៖
* កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមឆ្នាំ២០២២-២០២៧។
* ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតរវាងសមាគមនារីកម្ពុជា - ក្រុមហ៊ុនអ៉ីនត្រាកូ (INTRACO)។
* កិច្ចព្រមព្រៀងសហប្រត្តិការរវាងសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់កាល ឆ្នាំ២០២២-២០២៧៕