(គូមី, កូរ៉េខាងត្បូង)៖ នៅទីក្រុងគូមី ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហេង សួរ បានដឹកនាំក្រុមការងារចូលថ្វាយបង្គំព្រះតេជគុណ ពៅ សុភ័ក្ត្រ នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី និងបានប្រគេនបច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់សម្រួលដល់ការចំណាយរបស់មជ្ឈមណ្ឌល។
ក្នុងឱកាសនោះ លោក ហេង សួរ បានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះតេជគុណ ពៅ សុភ័ក្ត្រ ដែលតែងតែមានចិត្តអាណិតស្រឡាញ់ជួយប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ចាត់ទុកវត្តគូមី មិនត្រឹមតែជាវត្តខ្មែរដ៏ល្បីមួយនោះទេ ក៏ជាកន្លែងជួយសម្រួលឱ្យបងប្អូនពលករដែលប្តូរការងារស្នាក់អាស្រ័យបណ្តោះអាសន្នផងដែរ។
ក្នុងឱកាសនោះ ព្រះតេជគុណ ក៏បានមានសង្ឃដីកាបង្ហាញអំពីគម្រោងសាងសង់វត្តខ្មែរគូមី នាពេលអនាគតនេះផងដែរ។ លោក ហេង សួរ បានបង្ហាញពីការគាំទ្រលេីគម្រោងនេះ ហេីយនឹងត្រៀមអំពាវនាវ និងជួយកៀរគរបច្ច័យ ដើម្បីឱ្យគម្រោងនេះក្លាយជាការពិត។
បន្ថែមពីនេះទៀត លោក ហេង សួរ និងព្រះតេជគុណ ក៏បានឯកភាពគ្នាជាបឋមកំណត់ថ្ងៃរៀបចំកម្មវិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតំបន់សេអ៊ូល នៅថ្ងៃទី១៨ ខែកញ្ញា និងតំបន់គូមី នៅថ្ងៃទី២៥ ខែកញ្ញា ដោយសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំការប្រគំតន្ត្រីជូនបងប្អូនចូលរួមកម្មវិធីបានទស្សនាកម្សាន្ត និងរាំលេងផងដែរ។
បន្ទាប់ពីថ្វាយបង្គំព្រះតេជគុណរួច លោក ហេង សួរ ក៏បានជួបសួរសុខទុក្ខពលករកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលគាំពារពលករបរទេសគូមី និងណែនាំឱ្យពួកគេថែរក្សាសុខភាព ខិតខំរៀនបច្ចេកទេស និងជំនាញពីកន្លែងការងារ និងត្រូវចេះសន្សំថវិកាទុកជូនគ្រួសារ និងខ្លួនឯងប្រើប្រាស់នៅពេលអនាគត៕