(ព្រះវិហារ)៖ សហគមន៍កសិកម្មចំនួន៨ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ តាមរយៈសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC) រួមនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានចុះកិច្ចសន្យាលើការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ (ស្រូវក្រអូប) ចំនួន ២,០០០ តោន ដល់ក្រុមហ៊ុនម៉ូនីតា ប៊អអឹម (Monita BRM)។ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងសហភាពសហគមន៍កសិកម្មមានជ័យ តំណាងក្រុមហ៊ុនម៉នីតា ប៊ីអអឹម និងតំណាងប្រជាសហគមន៍ជាច្រើនរូបទៀត។
លោក ពឹង ទ្រីដា បានថ្លែងលើកឡើងថា ក្នុងឆ្នាំ២០២១កន្លងទៅសហគមន៍កសិកម្មទាំងអស់នៅក្នុងខេត្តព្រះវិហារ បានចុះកិច្ចសន្យាទិញ លក់ផលិតផលសរីរាង្គរបស់ខ្លួនដូចខាងក្រោម៖
*ផលិតកម្មស្រូវរីរាង្គ៖ មានសហគមន៍កសិកម្មសរុបចំនួន៣២សហគមន៍កសិកម្ម បានចុះកិច្ចសន្យាទិញលក់ស្រូវសរីរាង្គឱ្យក្រុមហ៊ុនក្នុងនិងក្រៅស្រុកចំនួន៤ ក្នុងនោះមានក្រុមហ៊ុន អេមរ៉រ៉ាយ(Amru Rice), ក្រុមហ៊ុនស៊ីកណេតឈ័រអហ្វអេស៊ា(Signatures of Asai),ក្រុមហ៊ុនហ្គោលដេនរ៉ាយ(Goldden Rice) និងក្រុមហ៊ុន ហ៊ុនអេទីកាប (Ethiquable) ក្នុងបរិមាណសរុប ១៩,៨៥០.៨ តោន ដោយមានសមាជិកផលិតសរុប ៤,៨១០គ្រួសារ លើផ្ទៃដីសរុប១៧,៦១៨ហិកតា។ជាក់ស្តែងក្រោយពីការចុះកិច្ចន្យា ភាគីទាំងអស់ចាប់ផ្តើមប្រមូលទិញបានសរុបចំនួន១៦,០៥១.១តោន ស្មើនឹងជាង៨១% នៃផែនការសរុប។
លោកបន្តថា ចំពោះផលិតកម្មដំឡូងមីសរិរាង្គ៖ មានសហគមន៍កសិកម្មសរុបចំនួន៩សហគមន៍កសិកម្ម បានចុះកិច្ចសន្យាទិញលក់ដំឡូងសរីរាង្គស្រស់អោយក្រុមហ៊ុនថៃវ៉ា(THAI Wa) ក្រោមការសម្របសម្រួលពីក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) ក្នុងបរិមាណសរុប ៣៣,៧២៩.០០តោន ដោយមានសមាជិកផលិតសរុប ១,២៨៤គ្រួសារ លើផ្ទៃដីសរុប២,៥០៩ហិកតា។
ជាក់ស្តែងក្រោយពីការចុះកិច្ចន្យា ភាគីទាំងពីរចាប់ផ្តើមប្រមូលទិញបានសរុបចំនួន១៩,៦០០.០០តោន ប្រមាណជាជិត៦០% នៃផែនការសរុប។
ដោយឡែក ចំពោះផលិតកម្មគ្រាប់ស្វាយចន្ទីសរីរាង្គ៖មានសហគមន៍កសិកម្មចំនួន០៧ បានចុះកិច្ចសន្យាផលិតផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសរីរាង្គលក់ជូនក្រុមហ៊ុនពីរគឺក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) បានចំនួន៣៩.២២តោន និងក្រុមហ៊ុនថបផ្លេននីង(Top Planning)បានចំនួន១០.២២តោន។ឆ្នាំ២០២២ នេះសហគមន៍កសិកម្មចំនួន១២ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសរីរាង្គ ជូនក្រុមហ៊ុនចំនួន០២ ក្នុងនោះមាន៖ក្រមហ៊ុនកាំយ៉ា(KAMYA) ក្នុងបរិមាណសរុបចំនួន ៦៨.៧៧៤តោន និងក្រុមហ៊ុនថបផ្លេននីង(Top Planning) ក្នុងបរិមាណសរុបចំនួន 30តោនផងដែរ៕