(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានសម្ដែងនូវការគាំទ្រចំពោះសមាគមរាជសីហ៍សម្រាប់សកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ជនងាយរងគ្រោះនៅខេត្តកំពង់ចា។
បើតាមលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានលើកឡើងថា ចក្ខុវិស័យរបស់សមាគម សំដៅផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រនៅតាមសហគមនមូលដ្ឋាន ព្រមទាំងផ្តល់ស្ថាបត្យកម្មព្រលឹងដល់យុវជននៅក្នុងការអភិវឌ្ឍសង្គមទៀតផង។
លោក ស៊ូម សារឿន បន្តថា បេសកម្មរបស់សមាគម គឺការប្រមូលមូនិធិដែលជាជំនួយមនុស្សធមរបស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម៏ និងសប្បុរសធម៌។ ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គម តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម សាសនា និន្នាការនយោបាយឡើយ។
ជាមួយគ្នានោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណចំពោះសមាគមរាជសីហ៍ ដែលបានឧបត្ថម្ភអង្ករចំនួន២តោន មី១០០កេស ត្រីខ១០០យួរ និងទឹកបរិសុទ្ធ១០០កេស ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាមសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុមនុស្សធម៌ និងបានសម្ដែងនូវការគាំទ្រនូវសកម្មភាពទាំងឡាយរបស់សមាគមរាជសីហ៍ សម្រាប់សកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម៕