(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមួយ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីពិភាក្សាជំរុញឱ្យម្ចាស់ដេប៉ូដែលលក់សុីម៉ង់ត៍ទាំងអស់មកចុះបញ្ជីពន្ឋដារ។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតិភាពអ្នកឧកញ៉ា លាង ម៉េង ជាប្រធានកិត្តិយស, លោក Ratchayut Kasemchaisiri ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដោយមានការចូលរួមពីសមាជិកចំនួន៥ក្រុមហ៊ុន ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ។
លោកអគ្គលេខាធិការបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ រហូតទទួលជោគជ័យ និងបានបើកដំណើរការប្រទេសឡើងវិញ។
លោកអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់ការវិនិយោគនៅក្នុងប្រទេស និងខិតខំជំរុញ ទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើងជាបន្តបន្ទាប់៕