(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បើកការបង្ក្រាបករណីបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំងរឹបអូសគ្រឿងញៀនចម្រុះប្រភេទសរុបចំនួន៤៥គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យក១០ និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបនៅ៤គោលដៅផ្សេងគ្នា។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចខាងលើនេះបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន១នាក់ ឈ្មោះ ហ៊ូ ហ្វឹងវិន (HU FENGWEN)។ រីឯវត្ថុតាងដែលរឹបអូសបាន រួមមាន អ៉ិចស្តាស៊ី (MDMA)ទម្ងន់៧,១៥០.១៦ក្រាម មេតំហ្វេតាមីន (ICE) ទម្ងន់១៤,០២៤ក្រាម កេតាមីន (KETAMIN) ទម្ងន់២៤,៣៨០ក្រាម នីមេតាហ្សេប៉ាម (NIMETAZEPAM) ទម្ងន់១៤៤ក្រាម។ សរុបសារធាតុញៀនចំនួន៤៥,៦៩៨.១៦ក្រាម (ជាង៤៥គីឡូក្រាម) រួមនឹងកញ្ឆា៤០៨ក្រាម និងសារធាតុគីមី២៥,១៥៣.៣៨ក្រាមទៀត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕