(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងពីការដាក់ឱ្យអនុវត្តកម្មវិធីទូរសព្ទដៃឆ្លាតវៃ សម្រាប់ធុរជន ដែលមានឈ្មោះថា «Cambodia Customs Trader» ដើម្បីជាជំនួយការងារដល់ធុរជន ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំអភិវឌ្ឍរួចរាល់នូវកម្មវិធីទូរសព្ទដៃឆ្លាតវៃ សម្រាប់ធុរជន ដែលមានមុខងារសំខាន់ជាជំនួយដល់ធុរជន ជាពិសេសប្រតិវេទករ ក្នុងការតាមដានស្ថានភាពប្រតិវេទន៍ ការបង់ពន្ធតាមមធ្យោបាយអេឡិចត្រូនិក និងការស្វែងរកលិខិតអនុញ្ញាតគយជាដើម។ ធុរជនអាចស្វែងរក និងទាញយកកម្មវិធីនេះ លើ Play Store និង App Store សម្រាប់ប្រើប្រាស់បាន៕