(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ប្រតិភូកងទ័ពជើងទឺកប៉ាគីស្ថាន ដឹកនាំដោយលោកវនាវីឯក Muhammad Yasir Tahir មេបញ្ជាការនាវា PNS TAIMUR (F-262) និងសហការីចំនួន០៧រូប អមដំណើរដោយសេនានុព័ន្ធយោធាប៉ាគីស្ថាន បានចូលជួបសម្តែងការគួរសមជាមួយលោកមេបញ្ជាការមូលដ្ឋានសមុទ្រ។
ក្នុងឱកាសនោះ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ តាងនាមឲ្យនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក នាយនាវី ពលនាវិក មូលដ្ឋានសមុទ្រ សូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន នាវាកងទ័ពជើងទឹកប៉ាគីស្ថាន PNS TAIMUR (F-262) ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។
លោកមេបញ្ជាការមូលដ្ឋានសមុទ្រ មានសេចក្តីសង្ឃឹម និងជឿជាក់ថា ក្រោយដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកប៉ាគីស្ថានលើកនេះ កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅស្អិតរមួតបន្ថែមទៀត។
ជាការឆ្លើយតប លោកវនាវីឯក Muhammad Yasir Tahir មេបញ្ជាការនាវា PNS TAIMUR (F-262) ជំនួសមុខឱ្យកងទ័ពជើងទឹកប៉ាគីស្ថាន ពិតជាមានកិត្តិយស និងក្តីសប្បាយរីករាយក្រៃលែង ដោយទទួលបានការអនុញ្ញាតពីលោកមេបញ្ជាការមូលដ្ឋានសមុទ្រ ឱ្យចូលជួបសម្តែងការគួរសម។
ជាងនេះទៅទៀត លោកសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោកមេបញ្ជាការមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមភូមិន្ទ ដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតម្លៃ ទទួលស្វាគមន៍ប្រតិភូ យើងខ្ញុំយ៉ាងរាក់ទាក់ កក់ក្តៅ ស្និតស្នាលជាទីបំផុត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន ចំនួន១គ្រឿង ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាវានេះមានបណ្តោយ ១៣៤.១ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ មានទម្ងន់ផ្ទុក ៤,០៤៦តោន និងមាននាវិកសរុបចំនួន១៦៩នាក់ ដឹកនាំដោយ លោកវរនាវីឯក MUHAMMAD YARSIR TAHIR មេបញ្ជាការនាវា ក្នុងគោលបំណងដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល៤ថ្ងៃ)៕