(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយនឹង លក្ខខណ្ឌដ៏តឹងរឹងបំផុត ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បើសិនជាចក្រភពអង់គ្លេស សម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា។
លោក Roberto Azevedo ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានថ្លែងប្រាប់កាសែត Financial Times នៅថ្ងៃនេះថា បើសិនជាចក្រភពអង់គ្លេស បានសម្រេចចិត្តចាកចេញពី EU មែននោះ ចក្រភពអង់គ្លេស នឹងជួបការលំបាកខ្លាំងក្នុងការធ្វើពាណិជ្ជកម្ម នៅតំបន់អឺរ៉ុប ដោយសារតែ WTO នឹងកំណត់លក្ខខណ្ឌថ្មីឲ្យចក្រភពអង់គ្លេស ក្នុងការចរាចរណ៍ទំនិញផ្សេងៗ បើទោះបីជាចក្រភព អង់គ្លេស នៅតែជាសមាជិករបស់ WTO ក្ដី ប៉ុន្តែប្រទេសមួយនេះ បានចាកចេញពីសហភាពអឺរ៉ុប ដូច្នេះវាមិនអាចល្អប្រសើរដូចមុន បានឡើយ។
គួរបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងថា ខ្លួនមានបំណងចង់ចាកចេញពីសហភាពអឺរ៉ុប ដោយសារសម្រេចចិត្តនេះ ត្រូវបានក្រុមអ្នកជំនាញវិភាគថា ចក្រភពអង់គ្លេសនឹងខាតបង់ច្រើន បើសិនជាដើរចេញពីសហភាពអឺរ៉ុបមែន៕