(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករ និងខ្សែច្រវាក់ផ្គត់នៅកម្ពុជា សាខាខេត្តបាត់ដំបង នៅថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ប្រេស៉ីដង់ ក្រុងបាត់ដំបង។

ពិធីនេះដែរបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង, លោក ហុង គីម ហ៊ង ទីប្រឹក្សា ក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ។

ក្នុងឱកាសនោះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានអបអរសារទរ ជូនចំពោះលោក ហៃ ស៉ីហួរ ដែលលោកទទួលបានតំណែងជាប្រធានសមាគម ពាណិជ្ជករដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាសាខាខេត្តបាត់ដំបង។

លោក ជា ចាន់ដារ៉ា ក៏ឲ្យដឹងដែរថា សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ជាភាសាអង់គេ្លស LOGISTICS BUSINESS ASSOCIATION ដែលហៅ (កាត់ថា LOBA) ត្រូវបានចុះឈ្មោះក្នុងបញ្ជីសមាគមជាផ្លូវការ តាមប្រកាសលេខ ៥៤៩៧/ប្រក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងប្រកាសទទួលស្គាល់ម៉ាក ពាណិជ្ជនាម ដោយក្រសួងពាណិជ្ជកម្ម ត្រូវបានប្តូរឈ្មោះទៅជា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ជាភាសាអង់គេ្លស LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN CAMBODIA ដែលហៅកាត់ថា (LOSCBA) ដែលបានចុះឈ្មោះក្នុងបញ្ជីសមាគមជាផ្លូវការ តាមប្រកាសលេខ ១០៨៣/ប្រក ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២។

ចំណែកឯ លោក ហៃ លីហួរ បានបង្ហាញពីគោលបំណងយុទ្ឋសាស្ត្រ និងទិសដៅរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដូចតទៅ៖

* អំពីគោលបំណងរបស់សមាគម

- ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ជួយបណ្តុះបណ្តាលសមាជិក និងសកម្មជនអំពីច្បាប់ និងបទដ្ឋានផ្សេងៗ។
- ចងក្រងជាក្រុមរវាងអ្នកដឹកជញ្ជូន និងអ្នកផ្គត់ផ្គង់ទំនិញទាំងអស់អោយមានសំឡេងតែមួយ។
- បង្កើនសមត្ថភាព និងចំណេះដឹងដល់អ្នកដឹកជញ្ជូន តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ។
- បង្កើនសាមគ្គីភាព រវាងអ្នកដឹកជញ្ជូន និង អ្នកដឹកជញ្ជូន។
- ជំរុញអោយមានការគោរព និងអនុវត្តច្បាប់នានា។
- រៀបចំសិក្ខាសាលា រយៈពេលខ្លីៗដោយផ្តល់នូវចំណេះដឹងថ្មីៗលើវិស័យដឹកជញ្ជូនជាតិ
និងអន្តរជាតិ។
- កិច្ចសម្របសម្រួលក្នុងការប្រកួតប្រជែងរវាងដៃគូរពាណិជ្ជកម្ម និងកិច្ចសម្របសម្រួលផ្សេងៗលើវិស័យដឹកទំនិញនៅកម្ពុជា។
- ការរៀបចំជាមូលនិធិកិច្ចការសង្គមដើម្បីឧបត្ថមដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សខ្វះខាត តាមបណ្តារាជធានី ខេត្តទៅតាមលទ្ធភាពរបស់សមាគម។

* ទិសដៅ

- លើកស្ទួយវិស័យដឹកជញ្ជូន អ្នកផ្គត់ផ្គង់ទំនិញ អ្នកផលិត អ្នកនាំចេញនាំចូលអោយកាន់តែប្រសើឡើង
- ជំរុញអោយមានការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា
- លើកស្ទួយ និងការគាំទ្រដល់វិស័យកសិកម្ម ការដឹកជញ្ជូន វេចខ្ចប់ និងជំរុញការរកទីផ្សាជូនកសិករ។

* យុទ្ឋសាស្រ្ត

- ជួយជំរុញអោយមានការយល់ដឹងអំពីវិស័យដឹកជញ្ជូននាំចេញនាំចូល និងការធ្វើទីផ្សាអន្តរជាតិ។
- ជួយជំរុញអោយប្រើប្រាស់បច្ចេកទេសជំនាញលើវិស័យដឹកជញ្ជូន និងប្រើប្រាស់បច្ចេកទេសទិញលក់តាមប្រព័ន្ឋឌីជីថលអនឡាញ៕