(កំពង់ធំ)៖ លោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីអភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាបឱ្យមាននិរន្តរភាព និងដើម្បីដោះស្រាយបញ្ហាជីវភាព និងផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋគ្រប់គ្រងដីធ្លីក្នុងតំបន់២ មកតំបន់១។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុកក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នារសៀលទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ លោក ងួន រតនៈ បានថ្លែងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឱ្យមាននិរន្តរភាព ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ ជាពិសេសក្នុងការផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋជាមួយនឹងការគ្រប់គ្រងដីធ្លី ការពិនិត្យព្រំប្រទល់រវាងដីតំបន់២ កាត់ចូលតំបន់១ និងពិនិត្យលទ្ធភាពបន្ថែម ក្នុងការកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលតាមគោលការណ៍ស្មារតីអនុសាសន៍ដែលសម្ដេចតេជោ ហ៊ុន សែន។

អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណក្រុមការងារ ដែលបានចុះពិនិត្យនៅតាមគោលដៅនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅជុំវិញបឹងទន្លេសាបកន្លងមកនេះ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានសហការគ្នាបានល្អ ជាពិសេស ក្នុងការអនុវត្តបញ្ជារួមកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការចុះពិនិត្យជាក់ស្តែងរួមគ្នាសហការគ្នាល្អជាមួយនឹងក្រសួងដែនដី ក្រសួងធនធានទឹក អាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាល ខេត្តកំពង់ធំ អភិបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន បានអនុវត្តកិច្ចការឆ្វៀលដីចេញពីតំបន់២ តំបន់៣ បានល្អប្រសើរ រហូតប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រគល់ និងបង្ហាញទីតាំងជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលនៅលើដីដែលបានហាមឃាត់៕