(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុន បានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajima ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០៥នាទីយប់ និងធ្វើការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះហានិភ័យដែលអាចកើតមានឡើង ពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់លំនៅដ្ឋាននៅ Arimura និង Furusato ដែលស្ថិតចន្លោះចម្ងាយ ៣គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានចេញបញ្ជាឱ្យប្រជាជននៅខណ្ឌ Arimura និងផ្នែកខ្លះនៃខណ្ឌ Furusato ប្រមាណ៥១នាក់ ធ្វើការជម្លៀសទៅរកកន្លែងសុវត្ថិភាព។

សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើមានការប្រុងប្រយ័ត្នខ្ពស់ និងក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូត ជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦ ៨៩ ៩៣ ៧៤៕