(ត្បូងឃ្មុំ)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងខេត្តត្បូងឃ្មុំ ពិសេសក្រុងសួង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យលិចតាមតំបន់ទាបៗ មាន ដីស្រែ ត្រពាំង ប្រឡាយ ពេញប្រៀប ហើយនៅយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកទើបបណ្តាលឱ្យលិចផ្សារសួង ប៉ុន្តែ មិនបណ្តាលឱ្យប៉ះដល់សម្ភាររបស់អាជីវករឡើយ គ្រាន់តែមានការរំខានដល់ប្រជាពលរដ្ឋក្នុងការអាស្រ័យផលក្នុងការប្រកបរបរលក់ដូរបន្តិចបន្តួចតែបណ្ណោះ បច្ចុប្បន្នទឹកចាប់ស្រកទៅវិញជាបណ្តើរៗហើយ។

លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឱ្យដឹងថា នៅក្នុងខែកក្កដានេះ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ជាហេតុ ធ្វើឲ្យតំបន់ទាបៗ សំបូរទឹក ពេញប្រៀបមានដូចជា៖ ប្រឡាយទឹក ដីស្រែ ត្រពាំងជាដើម។ល។ ហើយនៅយប់ថ្ងៃទី២៤ ឈានចូលយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នោះ ទើបបណ្តាលឱ្យទឹកលិចផ្សារក្រុងសួង តែមិនបណ្តាលឱ្យខូចខាតសម្ភារដល់អាជីវករឡើយ។

លោកអភិបាលក្រុងសួង បានបញ្ជាក់ថា ទឹកលិចផ្សារនេះ ដែលស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ មូលហេតុដោយសារទីផ្សារទាបប្រៀបដូចបាតខ្ទះ ពោលគឺទីផ្សារទាបជាងផ្លូវ ទាបជាងលូ ហើយទឹកភ្លៀងមិនអាចហូរចូលលូទាន់ដើម្បីរំដោះទឹកបានទេ នោះទើបទឹកលិចតែម្តង ហើយប្រវត្តិផ្សារសួងយើងនេះ ទឹកភ្លៀងធ្លាប់លិចចំនួន២ដងដែរ គឺ នៅឆ្នាំ២០១៦។ នៅយប់មិញនេះ ទឹកភ្លៀងបានលិចជាលើកទី៣ ដែលមានកំពស់ទឹក ១២៤,៥មីលីម៉ែត្រ គឺលិចផ្លូវដើរក្នុងផ្សារទាំងអស់ តែមិនបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអាជីវករឡើយ។

ចំពោះស្ថានភាពរហូតដល់ម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ទឹកបានស្រកទៅវិញហើយ ខណៈពេលនេះដែរ ដំណើរការក្រុមអាជីវករ ក៏បានប្រព្រឹត្តទៅជាធម្មតាឡើងវិញ ហើយខាងអាជ្ញាធរក្រុងនឹងបន្តពិនិត្យស្ថានការណ៍នេះ មើលជានិច្ចដើម្បីមានចំណាត់ការជាបន្តបន្ទាប់បន្ថែមទៀត។

ជុំវិញបញ្ហាការលិចទឹកផ្សារសួងនាពេលនេះ លោកអភិបាលក្រុង រួមទាំងអាជីវករភាគច្រើនសម្តែងការសោកស្តាយចំពោះគម្រោងសាងសង់ផ្សារសួងថ្មី (បែបទំនើបទាន់សម័យច្រើនជាន់) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានឧបត្ថម្ភចំណាយថវិកាសាងសង់ទាំងស្រុងជូនបងប្អូនអាជីវករកាលពីចុងឆ្នាំ២០១៨ ប៉ុន្តែប ងប្អូនអាជីវករមួយចំនួនតូចមិនយល់ស្របឱ្យសាងសង់ផ្សារថ្មី ទើបផ្សារសួងនៅតែរក្សាស្ថានភាពចាស់ទ្រុឌទ្រោម និងលិចទឹកពេលមានទឹកភ្លៀងជន់ខ្លាំងរហូតដល់សព្វថ្ងៃ៕