(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំ និងជំរុញដល់មន្ត្រីសមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យតាមដានការកាប់ទន្រ្ទានដីព្រៃឈើព្រៃលិចទឹក ដីព្រៃសហគមន៍ដែលជាដីព្រៃរបស់រដ្ឋ ដោយត្រូវអនុវត្តវិធានការច្បាប់ ដោយមិនលើកលែងដល់បុគ្គលប្រព្រឹត្តឡើយ ក្នុងករណីរឹងរូសមិនរាងចាល។
ការណែនាំនិងជំរុញបែបនេះ ខណ:លោកអភិបាលខេត្តកែប បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រារព្វរុក្ខទិវា ៩ កក្កដា ២០២២ ដែលប្រព្រឹត្តធ្វើឡើងនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ដោយចូលរួម ពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ធម៌ពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៤៧៤ អង្គ/នាក់។
នាឱកាសនេះ លោកអភិបាលខេត្ត បានចាត់ទុកថា ពិធីរុក្ខទិវា គឺជាចលនាបំផុសការដាំកូនឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលចលនានេះចាប់មានតាំងពីសម័យ សង្គមរាស្ត្រនិយមមកម៉្លេះ។
លោកអភិបាលខេត្តបន្តទៀតថា ទិវានេះពិតជាមានអត្ថន័យដ៏ឧត្តុង្គឧត្តម និងជាឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាតិ ដោយបានឆ្លុះបញ្ចាំងពីការសាមគ្គីភាព រវាងប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការជំរុញលើកទឹកចិត្ត ចូលរួមចលនាដាំដើមឈើ ដើម្បីផ្តល់ជាសារប្រយោជន៍ ធនធានទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជបូជនីយកិច្ចផ្តួចផ្តើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះបន្ទូលថា ព្រៃឈើ គឺជាសសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិត ប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវរួបរួមគ្នា ថែរក្សា ការពារព្រៃឈើ និងដាំដើមឈើអោយបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានដាំផ្ញើដល់ថ្នាក់ដឹកនាំ ឃុំអង្កោល ដែលទើបជាប់ឆ្នោតថ្មីៗ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបំផុសចលនាថែទាំដើមឈើ ដែលទើបដាំរួច នៅតាមបណ្តោយផ្លូវនេះឲ្យបានគងវង់ស្របតាមចក្ខុវិស័យរបស់ខេត្ត។
ក្នុងឱកាសនោះដែរ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងក្នុងរបាយការណ៍ថា ការប្រារព្វពិធី រុក្ខទិវា ៩ កក្កដា គឺជាពិធីមានលក្ខណៈជាប្រពៃណីជាតិ ដែលបានប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ តែដោយសារកន្លងមកខេត្តកែប ក៏ដូចជាទូទាំងប្រទេស មានការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ទេីបធ្វើអោយការប្រារព្វពិធីនេះ មានការខកខានអស់រយៈពេល២ឆ្នាំ។
ដោយឡែកក្នុងឆ្នាំ២០២២នេះ ដោយមានការជម្រុញលើកទឹកចិត្ត ពីលោកអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ទើបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានខិតខំយកចិត្តទុកដាក់រៀបចំប្រារព្វទិវានេះឡើងវិញ។
ការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា គឺការផ្សព្វផ្សាយ និងបំផុសជាចលនាឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏ដូចជាបណ្ដាភូមិទាំងអស់ក្នុងខេត្តកែប អោយចេះស្រលាញ់ និងយល់ពីសារៈសំខាន់នៃព្រៃឈើ ដែលជាទីជម្រករបស់មនុស្ស សត្វ និងភពផែនដីទាំងមូលផង។
លោកប្រធានមន្ទីរកសិកម្ម ក៏បានលើកបញ្ជាក់ថា ការប្រារព្វពិធី រុក្ខទិវា ៩ កក្កដា ដោយមានការដាំដើមឈើសងខាងតាមបណ្ដោយ ផ្លូវអំពេងសន្តិភាព ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ នាពេលនេះ គឺមានប្រភេទឈើកម្រ និងឈើជិតផុតពូជ សរុបចំនួន ១,២០០ដើម រួមមាន៖ ឈើក្រញូង គគីរ ឈើទាល បេង នាងនួន ធ្នង់ ក្ងោក និងស្ងាវ ព្រមទាំងបានយកពូជដូង និងខ្នុរការ៉ុត សរុប ១០០ដើម សម្រាប់ប្រគេនតាមបណ្ដាវត្ត និងចែកជូនបងប្អូនប្រជាពលរដ្ឋ យកទៅដាំតាមលំនៅដ្ឋានផងដែរ៕