(ភ្នំពេញ)៖ អតីតអ្នកនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់ ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

ការផ្ដល់គោរមងារជាឧកញ៉ា ជូនចំពោះលោក យឹម តាស្រង់ នៅពេលនេះ គឺតមតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កវីនិពន្ធល្បីឈ្មោះ និងជាអតីតអ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម «Galaxy Navatra» លោក យឹម តាស្រង់ កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដើរចេញពីផលិតកម្ម «Galaxy Navatra» ហើយ ដោយសំអាងទៅលើមូលហេតុថា ជាប់រវល់មើលការខុសត្រូវ នឹងជំនួញផ្ទាល់ខ្លួន ដែលមានរហូតដល់ទៅ ២ឬ៣ក្រុមហ៊ុន ដែលលោកទើបតែបង្កើតឡើងនាពេលថ្មីៗនេះ។

ទោះជាយ៉ាងណា បន្ទាប់ពីសម្រេចចិត្តថា នឹងដើរចេញពី «Galaxy Navatra» ក៏ពិតមែន ប៉ុន្តែលោក យឹម តាស្រង់ នៅតែមិនភ្លេចនូវអនុស្សាវរីយ៍ ជាពិសេសមិនភ្លេចគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មឡើយ។

បន្ទាប់ពីចាកចេញពីផលិតកម្ម Galaxy រួចមក មហាជនសង្កេតឃើញថា លោក យឹម តាស្រង់ ហាក់មានសកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិច្រើន គួរឲ្យកត់សម្គាល់។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖